(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូខេត្តពោធិ៍សាត់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព លោកឧត្តមសេនីយ៍ទោ ព្រាប ឧត្តម (ផន សាលីន) មេបញ្ជាការរង យោធភូមិភាគទី៥ (គណៈយុទ្ធមិត្តបម្រើកងទ័ពជំនាន់ ឆ្នាំ១៩៧៨) ដែលបានទទួលមរណភាព នាវេលាម៉ោង ១៣:១៥នាទី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ដោយរោគាពាធ។
សពលោកឧត្តមសេនីយ៍ទោ ព្រាប ឧត្តម ត្រូវបានតម្កល់ធ្វើបុណ្យតាមបែបសាសនា នៅគេហដ្ឋាននៃសព ដែលស្ថិតក្នុងភូមិចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជាមួយនឹងការទទួលមរណភាព របស់លោកឧត្តមសេនីយ៍ទោ ព្រាប ឧត្តម, លោក ខូយ រីដា តាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ និងក្នុងនាមខ្លួនលោកផ្ទាល់ ពិតជាមានក្តីរន្ធត់ក្ដុកក្ដួលរំជួលចិត្ត ក្រោយពីបានទទួលដំណឹង ក្រៀមក្រំជាទីបំផុតថា លោកឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរង យោធភូមិភាគទី៥ បានទទួលមរណភាព នៅថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៣:១៥នាទី នៅភូមិចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារ សូមសម្តែងនូវសេចក្តីសង្វេគយ៉ាងជ្រាលជ្រៅបំផុត។ មរណភាពរបស់លោកឧត្តមសេនីយ៍ទោ ព្រាប ឧត្តម គឺជាការបាត់បង់ស្វាមីដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ចំពោះកូនៗ ចៅប្រុសចៅស្រី ហើយយើងទាំងអស់ ចងចាំជានិច្ចនូវគំរូវីរភាពរបស់លោកឧត្តមសេនីយ៍ទោ ព្រាប ឧត្តម ក្នុងកិច្ចការបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជាដ៏ឧត្តុង្គឧត្តមនៃយើង។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងឱ្យវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ទោ ជ្រាប ឧត្តម បានទៅកាន់សុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមឱ្យក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុត ពីយើងខ្ញុំទាំងអស់គ្នា។
ក្នុងថ្ងៃដដែលនោះ លោក ខូយ រីដា ក៏បានអញ្ជើញចុះសាកសួរសុខទុក្ខលោក ឆាយ សារ៉េត អនុប្រធានគណបក្សខេត្ត និងជាអតីតជាថ្នាក់ដឹកនាំខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រៃវែង ពោធិ៍សាត់ ដែលមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាល នៅគេហដ្ឋាន នៅក្រុងបាត់ដំបង ខេត្តបាត់ដំបងផងដែរ៕