(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានផ្ដល់យោបល់ឲ្យភាគីថៃ ដោះស្រាយបញ្ហាផ្ទៃក្នុងខ្លួនឯងជាមុនសិន កុំបង្កបញ្ហាជាមួយប្រទេសជិតខាង ពិសេសប្រទេសកម្ពុជាតែម្ដង។

ថ្លែងក្នុងសុន្ទរកថា នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «ជំនួសឲ្យការប្ដឹងផ្ដល់របស់កម្ពុជា ២ករណីដែលខ្ញុំលើកមិញ ថៃ អាជ្ញាធរថៃគួរយកពេលវេលានេះ ទៅស៊ើបអង្កេតករណីដែលទាហ៊ានរបស់ខ្លួន បាញ់សម្លាប់កងទ័ពខ្មែរម្នាក់ កាលពីថ្ងៃទី២៨ ខែឧសភា»

បើតាមការបញ្ជាក់របស់ លោក ប៉ែន បូណា, កិច្ចការដែលថៃត្រូវធ្វើក្នុងពេលនេះ ទី១៖ គឺរកជនដៃដល់ដែលបានបាញ់សម្លាប់ទាហានកម្ពុជា ទើបជារឿងដែលសាកសម, ទី២៖ យកពេលវេលាទៅដោះស្រាយបញ្ហាផ្ទៃក្នុងខ្លួនជាមុនសិន។

ក្នុងន័យនេះ លោក ប៉ែន បូណា ផ្ដាំឲ្យថៃយកពេលវេលាដោះស្រាយបញ្ហាផ្ទៃក្នុងដែលមាន «រាជរដ្ឋាភិបាលផ្សេង យោធាផ្សេង» ពោលគឺ កម្ពុជា ខុសពីថៃ, កម្ពុជា នាយករដ្ឋមន្ត្រីបញ្ជាបែបណា គឺត្រូវតែអនុវត្តបែបនោះ ខុសពីថៃ នាយករដ្ឋមន្ត្រី​និយាយផ្សេង យោធាធ្វើផ្សឹង ដូច្នេះយកពេលវេលាដោះស្រាយផ្ទៃក្នុង ប្រសើរជាងយកពេលមកវាយប្រហារកម្ពុជា។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បញ្ជាក់ថា បច្ចប្បន្នកម្ពុជាអាចរក្សាសន្តិភាពនៅក្នុងប្រទេសបាន ដោយសារក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ មានបទពិសោធន៍ និងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន ដែលនាំកម្ពុជាឈានទៅរកចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

លោក ប៉ែន បូណា បញ្ជាក់ជាថ្មីថា កម្ពុជា នៅតែចង់បានសន្តិភាពជាមួយប្រទេសជិតខាងទាំងអស់ ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ប៉ុន្តែកម្ពុជាមិនឲ្យថៃរុញតាមអំពើចិត្តនោះទេ។ លោកបន្តថា​ ក្នុងគ្រានេះកម្ពុជាមានកិច្ចសហការល្អណាស់ ទាំងថ្នាក់ដឹកនាំ ទាំងប្រជាជន ដែលខុសពីថៃកំពុងបែកបាក់ផ្ទៃក្នុង។

សូមជម្រាបថា ករណីតានតឹងរវាងថៃ និងកម្ពុជាបានកើតឡើង បន្ទាប់ពីមានការឆ្លងដែនរបស់ទាហានថៃចូលមកបាញ់សម្លាប់យុទ្ធជនខ្មែរម្នាក់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា បានទាមទារឲ្យថៃស៊ើបអង្កេតជាធរមាន និងចាត់វិធានការច្បាស់លាស់ចំពោះកងទ័ពរបស់ខ្លួន ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ៕