(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០២៥នេះ បង្ហោះរូបភាពកូនប្រុសរបស់សម្តេចទាំង៣នាក់ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលបានជួបជុំគ្នានៅខេត្តជាប់ព្រំដែនថៃ ដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន។

សម្តេចបានលើកឡើងថា ឪពុកម្តាយគ្មានសេចក្តីសុខ ឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ។

សម្តេចបានបង្ហោះរូបថត២សន្លឹក អមដោយខ្លឹមសារដូច្នេះថា «បងប្អូនប្រុស ៣នាក់នេះ ម្នាក់ពាក់អាវខ្មៅ ចាប់យកអាជីពការងារខុសហើយ ដោយសារអត់មានសក់ក្បាលហើយ អត់មានមួកពាក់ទៀត។ឯអ្នកមានសក់បែរជាមានមួកពាក់ទៅវិញ។ បងប្អូនគេទាំង ៣នាក់ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ស្លៀកទាហានក៏ទៅ ស្លៀកស៊ីវិលក៏ទៅដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន។

កាលពីតូចសក់ច្រើនជាងគេពេលនេះ អត់សក់ទៅវិញតែក៏ស្រួលម្យ៉ាងដែរ មិនពិបាកចំណាយពេលសិតសក់មុនពេលចេញដំណើរ។ ឪពុកម្តាយគ្មានសេចក្តីសុខ ឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ»