(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមជានាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា មកដល់ពេលនេះជាមួយនឹងបញ្ហាយោធាថៃ ដែលចេះតែក្រឡុក​បិទព្រំដែន​ជាមួយនឹង​ប្រទេសកម្ពុជាដោយឯកតោភាគី ហើយបានមកបបួលភាគីកម្ពុជា ធ្វើការចរចារដើម្បីបើកវិញ តែកម្ពុជាបានឆ្លើយតបយ៉ាងដាច់ខាតថា មិនព្រមចរចារជាមួយនោះ បានធ្វើឱ្យរដ្ឋាភិបាល និងយោធាថៃ កំពុងស្ថិតនៅក្នុងស្ថានភាព «ជ្រុលក្បាលក្រពើ» ទៅមុខខាត ថយក្រោយមិនរួច។

តាមរយៈវីដេអូរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ បំផ្លើសបំភ្លៃ របស់ថៃមកលើកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានថ្លែងដូចនេះថា រឿងព្រំដែនដែលកំពុងតែតានតឹងប្រឈមមុខដាក់គ្នាមកដល់សព្វថ្ងៃនេះ ដោយសារតែភាគីថៃ ជាអ្នកបង្កររឿង ដោយបានចូលបាញ់កងទ័ពខ្មែរម្នាក់​ឱ្យស្លាប់​នៅក្នុងលេនដ្ឋាន ក្នុងបូរណភាពទឹកដីរបស់ខ្លួន​ ដូចនេះបន្ទាប់ពីក្រសួងការបរទេសកម្ពុជាបានកំណត់ទូត តវ៉ាយ៉ាងខ្លាំងទាមទារឱ្យមានការស៊ើបអង្គេតនាំយកជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់ បែជាថៃមិនអើពើនោះ បែទៅជាបង្កើតស្ថានការណ៍ថ្មី ទៅបិទព្រំដែន ជាឯកតោភាគីតាមទំនើងចិត្ត ហើយក្រោយពេលដែលកម្ពុជា មានវិធានការតបតវិញ បានធ្វើឱ្យប្រទេសថៃ បន្តខាតបង់ជាបន្តបន្ទាប់។

លោក ប៉ែន បូណា បានបន្ថែមថា ក្រោយថៃបិទព្រំដែនដោយឯកតោភាគី បានធ្វើឱ្យប្រទេសខ្លួនខាតបង់ ប្រជាជនអ្នកដាំបន្លែផ្លែឈើសល់បោះចោល ធ្វើឱ្យពួកគាត់ខឹងសម្បារ, ថៃមិនដឹងថា​ត្រូវធ្វើយ៉ាងមិច បានបកក្រោយវិញកើត បែរជាមានគំនិតទាញកម្ពុជា​ឱ្យចូលរួមដោះស្រាយ​តាមរយៈការចរចារ ដើម្បីបានបើកច្រកព្រំដែនឡើងវិញ។

ជាមួយនឹងរឿងបើកច្រកព្រំដែនកម្ពុជា-ថៃនេះ លោក ប៉ែន បូណា បានថ្លែងដូ​ចនេះថា «កម្ពុជា ថ្នាក់ដឹកនាំកម្ពុជាអត់យល់ព្រមចរចារជាដាច់ខាត ចឹងរដ្ឋាភិបាល និងយោធាថៃ ហាក់បីដូចជាកំពុងនៅក្នុងស្ថានភាព ជ្រុលក្បាលក្រពើ ទៅមុខខាត ថយក្រោយមិនរួច ហើយឥលូវបញ្ហាព្រំដែនដែលកំពុងតានតឹងឡើងជាលំដាប់ ដោយសារថៃជ្រុលក្បាលក្រពើមិនដឹងធ្វើអី ចេះតែបន្ត បន្តិចធ្វើនេះ បន្តិចធ្វើនោះតាមទំនើងចិត្ត បន្តិច​ប្រកាសបិទព្រំដែនទៀតហើយ»

លោក ប៉ែន បូណា បានបន្ថែមថា ថ្នាក់ដឹកនាំរបស់កម្ពុជា បានបញ្ជាក់រួចហើយថា កម្ពុជារង់ចាំកំដរថៃគ្រប់ស្នៀត ហើយកម្ពុជាមិនធ្វើមុននោះទេពាក់ព័ន្ធនឹងបញ្ហាបិទព្រំដែននេះ ប៉ុន្តែកម្ពុជា អាចកំដរថៃបាន ដែលនេះជាជំហររបស់ថ្នាក់ដឹកនាំកម្ពុជា។

ជាមួយគ្នានោះពាក់ព័ន្ធនឹងបញ្ហាដែលថៃកំពុងតែចោទលើកម្ពុជា ថាកម្ពុជាបានពានឈ្លានពានចូលដីរបស់ខ្លួន រឿងជម្លោះនៅព្រំដែននោះ, លោក ប៉ែន បូណា បានអះអាងថា បើអ្នកច្បាស់ថា ជាដីរបស់ខ្លួន សូមយកភស្តតាង ទៅដាក់ឱ្យតុលាការទៅ វាមានភាពងាយស្រួល និងបានបញ្ចប់ដោយសន្តិវិធីជាមួយគ្នាផងដែរ៕