(រតនគិរី)៖ លោកបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ ដែលបម្រើដល់ភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង។

ពិធីខាងលើនេះមានការអញ្ជើញចូលរួមពីពីលោក វ៉ាន់ សោភា អភិបាលរង តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងគណៈប្រតិភូអមដំណើរ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានវត្តមានចូលរួមរបស់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់សរុបចំនួន២៨៤នាក់។

ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានឡើងអានរបាយការណ៍ស្តីពីកិច្ចប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយតាមរយៈរបាយការណ៍នេះ បានបង្ហាញថាកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមជារួមមានភាពប្រក្រតីល្អប្រសើរ។ 

លោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី បានឡើងមានមតិសំណេះសំណាល និងបានថ្លែងអំពីកិច្ចការពារសន្តិសុខស្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាសន្តិសុខជាតិទូទាំងប្រទេសទាំងមូល។
លោកបានធ្វើការសង្ខេបអំពីសភាពការណ៍ ភូមិសាស្ត្រ និងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តរតនគិរី និងបានកោតសរសើរចំពោះស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលបានខិតខំបំពេញកិច្ចការងារក្នុងការការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជូនប្រជាពលរដ្ឋទូទាំងខេត្តប្រកបដោយលទ្ធផលល្អប្រសើរ។

សំណេះសំណាលនាឱកាសនោះដែរលោកបណ្ឌិត ម៉ក់ ជីតូ បានពាំនាំការសួរសុខទុក្ខពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់បងប្អូនកងកម្លាំង នៃស្នងការដ្ឋាននគរបាល ខេត្តរតនគិរី និងបានថ្លែងទៅកាន់អង្គប្រជុំស្តីពីស្ថានភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឆ្លៀតឱកាសនេះលោកបណ្ឌិត ក៏បានផ្តល់ប្រសាសន៍បន្ថែមថា ត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន់ចំពោះកម្លាំងរបស់ស្នងការដ្ឋាន ត្រូវរៀបចំកម្លាំងឱ្យបានត្រឹមត្រូវក៏ដូចជាសម្ភារ អាវុធ ត្រូវត្រួតពិនិត្យមើលឡើងវិញ ដើម្បីឱ្យការត្រៀមលក្ខណៈបានល្អ និងត្រូវរៀបចំកន្លែងស្នាក់នៅ ហូបចុក កន្លែងហ្វឹកហាត់ គ្រូបង្វឹក ឱ្យបានល្អប្រសើរជូនដល់កងកម្លាំងយើង។

លោកបណ្ឌិតក៏បានលើកទឹកចិត្តដល់កងកម្លាំង ត្រូវពង្រឹងការអនុវត្តការងារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវបន្តហ្វឹកហាត់យុទ្ធវិធីជាប្រចាំ ការប្រើប្រាស់អាវុធ និងរបៀបការពារខ្លួនឱ្យបានស្ទាត់ជំនាញ ដើម្បីបង្កើននូវសមត្ថភាពរបស់ខ្លួន និងត្រូវសហការគ្នាឱ្យកាន់តែល្អ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ៕