(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋចំនួនចំនួន៨៦នាក់ ដែលមកពីសម្រាកព្យាបាល និងពិនិត្យជំងឺនៅតាមមន្ទីរពេទ្យនានាក្នុងប្រទេសថៃ ត្រូវបាននគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានជួយសម្របសម្រួលចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងការទទួលបាយម្នាក់១កញ្ចប់ និងទឹក១ដបផងដែរ។
លោកវរសេនីយ៍ឯក គឹម សុផាត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តជាតិជាំ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ថា ច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទជាស្ថាពរនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីយោធាថៃសម្រេចជាឯកតោភាគី បិទច្រកទ្វារព្រំដែនសាយតាគូរ ក្នុងខេត្តបុរីរំា ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
នាយប៉ុស្តិ៍បានថ្លែងបញ្ជាក់ទៀតថា បន្ទាប់ពីច្រកទ្វារព្រំដែនអន្តរជាតិជាំត្រូវបានបិទជាស្ថាពរ គឺពុំមានសកម្មភាពការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ នៃប្រទេសទាំង២នោះទេ។ ដោយឡែកនៅថ្ងៃម្សិលមិញ បងប្អូនប្រជាពលរដ្ឋចំនួន៨៦នាក់ មកពីសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យខេត្តស៊ីសាកេត និងខេត្តអ៊ូប៊ុន ប្រទេសថៃ បានវិលត្រឡប់ចូលមកប្រទេកកម្ពុជាវិញ លោកក៏បានជួយសម្របសម្រួលឱ្យប្រជាពលរដ្ឋយើង បានចូលមកកម្ពុជាវិញ និងបានទទួលបាយម្នាក់១កញ្ចប់ និងទឹកម្នាក់១ដបផងដែរ។
លោកវរសេនីយ៍ឯក គឹម សុផាត ក៏បានថ្លែងណែនាំបងប្អូនប្រជាពលរដ្ឋយើង បើសិនជាមិនមានករណីចាំបាច់នោះទេ គួរតែផ្អាកការឆ្លងដែនចូលក្នុងប្រទេសថៃមួយរយះ និងត្រូវស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ៕