(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នា​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) បញ្ជ្រាបចំណេះដឹងដល់ភាគី ពាក់ព័ន្ធអំពីលក្ខខណ្ឌវិនិច្ឆ័យស្ដង់ដារសម្រាប់ការវាយតម្លៃគម្រោង គោលនយោបាយ និងគំនិតផ្ដួចផ្ដើម ដើម្បីជំរុញឱ្យស្ថានប័នទាំងនោះ ពង្រឹងខ្លួនឱ្យក្លាយខ្លួនជាស្ថាប័ន វ.ប.ន កម្រិតខ្ពស់​ និងល្អប្រសើរ ដែលជាកត្តាជំរុញការរីកចម្រើននៃវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា។

លោកបណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត បាន​ឱ្យដឹងថា ​​លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដើម្បី ១.ជាឯកសារយោងសម្រាប់ស្ថាប័នសាធារណៈ និងឯកជនក្នុងការបង្កើតគោលការណ៍ណែនាំលក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃលក្ខណៈសម្បត្តិ វ.ប.ន ផ្ទាល់ខ្លួន ដែលស្របតាមតម្រូវការ និងបរិបទជាក់លាក់របស់ពួកគេ និងដើម្បីពង្រឹងខ្លួនឱ្យក្លាយខ្លួនជាស្ថាប័នវ.ប.ន កម្រិតខ្ពស់/ល្អប្រសើរ ដែលជាកត្តាជំរុញការរីកចំរើននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ២. ផ្តល់នូវឧបករណ៍សំខាន់ៗសម្រាប់ការវាស់វែង និងវាយតម្លៃការអនុវត្ត គាំទ្រការកែលម្អតាមរយៈការយល់ដឹងដែលជំរុញដោយទិន្នន័យ និងមានគោលបំណងទាញយកសក្តានុពលនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីផលប្រយោជន៍សង្គម និង៣. លើកកម្ពស់ការសម្រេចចិត្ត ការអនុវត្តប្រកបដោយស្ថិរភាព និងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដូចជារដ្ឋាភិបាល បណ្ឌិតសភា និងឧស្សាហកម្ម។

​លោកបានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយ លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃនេះ ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។ សិក្ខាសាលានេះក៏បានផ្តល់ឱកាស ក្នុងការបញ្ជ្រាបនិងផ្សព្វផ្សាយទៅគ្រប់ស្ថាប័ន ពីវត្តមានរបស់ល័ក្ខខ័ណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាបង្គោលចរចាប់ផ្ដើមនៃការវាស់វែង វ.ប.ន.។

លោកបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិកានៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា ​បានថ្លែងថា ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់កសាងក្របខ័ណ្ឌគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនទីបង្ហាញផ្លូវ និងគោលការណ៍ណែនាំជាច្រើន ដែលជាតម្រូវការក្នុងការត្រៀមខ្លួន​ ដើម្បីឆ្លើយតបទៅនឹងនិន្នាការសកល ដែលវិវត្តយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន។

​លោកបានគូសបញ្ជាក់ថា លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានផ្តួចផ្តើមរៀបចំឡើងក្នុង គោលបំណង កំណត់ក្របខ័ណ្ឌមូលដ្ឋានមួយដែលមានលក្ខណៈសត្យានុម័ត និងសមស្របតាមបរិបទនៃប្រទេសកម្ពុជា ដែលអាចប្រើប្រាស់សម្រាប់វាយតម្លៃលក្ខណៈសម្បត្តិ ព្រមទាំងពង្រឹងសមត្ថភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់ស្ថាប័នគ្រប់លំដាប់ថ្នាក់ឱ្យកាន់តែប្រសើរឡើង។

លោកបន្ថែមថា «ប្រទេសកម្ពុជាយើងសព្វថ្ងៃ កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ នៃការធ្វើបរិវត្តកម្មទូទាំងប្រទេស ដូច្នេះយើងដាច់ខាតត្រូវទាញយកឧត្តមប្រយោជន៍ នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មកប្រើប្រាស់ដើម្បីជាខឿន និងជវភាពនៃការរីកចម្រើន, កសាងភាពធន់, និងពង្រឹងសមត្ថភាពប្រកួតប្រជែងនៅ ក្នុងទីផ្សារសកល។ ការវាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកម្លាំងចលករពោពេញទៅដោយ សក្តានុពល សម្រាប់គាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍន៍ជាតិប្រកបដោយយុទ្ធសាស្ត្រ និងចីរភាព។ មិនតែប៉ុណ្ណោះ វាថែមទាំងផ្តល់នូវទស្សនាទានសំខាន់ៗជាច្រើន ដែលផ្អែកលើភស្តុតាងច្បាស់លាស់ សម្រាប់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យចម្បងនានា ប្រើប្រាស់ជាត្រីវិស័យក្នុងការសម្រេចចិត្ត ចំពោះការរៀបចំ បទដ្ឋានគតិយុត្ត និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងសកលលោក សំដៅលើកកម្ពស់កិត្យានុភាពជាតិ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវលំដាប់ពិន្ទុរបស់កម្ពុជា ក្នុងសន្ទស្សន៍នវានុវត្តន៍សកល (Global Innovation Index)»​