(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនសម្តេច មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម សុក ខា ត្រូវជាឪពុកក្មេករបស់សម្តេច មហាមន្ត្រី គុយ សុផល និងជាអតីតអនុប្រធានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៥:៥៥ នាទីល្ងាច ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
សាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារដូចតទៅ៖
«ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំជាទីបំផុត ដោយបានទទួលដំណឹង មរណភាពរបស់ ឯកឧត្តម សុក ខា ត្រូវជាឪពុកក្មេករបស់ សម្តេច និងជាអតីតអនុប្រធានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៥:៥៥ នាទីល្ងាច ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ ឯកឧត្តម សុក ខា គឺពិតជាការបាត់បង់បិតាក្មេក បិតា និងជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី រហូតដល់បច្ឆិមវ័យ រួមវិភាគទានយ៉ាងសកម្មបំផុតក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះដែរ ឯកឧត្តម សុក ខា ក៏បានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើន តាមរយៈការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ ការជួយទ្រទ្រង់ដល់ការធ្វើសុខដុមនីយកម្មសាសនា ការលើកស្ទួយ និងអភិរក្សវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា។
យើងខ្ញុំ សូមចងចាំនូវគំរូវីរភាព មនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម សុក ខា និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់ ឯកឧត្តម សុក ខា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕