(ព្រះវិហារ)៖ លោក ប៉ែន វិបុល ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី ហេង សំអូន នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បាននាំយកអំណោយឧបត្ថម្ភកម្លាំងនគរបាលឈរជើង នៅសមរភូមិមុខក្នុងខេត្តព្រះវិហារ។ ពិធីនេះត្រូវបានធ្វើឡើងនៅគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៤។

ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ប៉ែន វិបុល បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យរបស់កម្ពុជា ដោយក្ដីនឹករលឹកជាទីបំផុត។

លោកទេសរដ្ឋមន្ដ្រី ប៉ែន វិបុល បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជាទីបំផុត ជូនចំពោះវីរភាព និងពលិកម្មរបស់កងកម្លាំងជួរមុខគ្រប់ប្រភេទ និងគ្រប់ទិសទាំងអស់ដោយមនោសញ្ចេតនាដឹងគុណ និងកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត។

អំណោយដែលជាការឧបត្ថម្ភរបស់លោកទេសរដ្ឋមន្ដ្រី ប៉ែន វិបុល និងលោកស្រី ហេង សំអូន រួមមាន៖ អង្ករ, ត្រីងៀត, សាច់ក្រក, មីជាតិ និងថវិកាចំនួន៣០លានរៀល។

ជំនួសមុខឲ្យកម្លាំងនគរបាល នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិ៤ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក តំណាងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ៤ និងទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកទេសរដ្ឋមន្ដ្រី ប៉ែន វិបុល និងលោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ នាំយកអំណោយឧបត្ថម្ភដែលជាការលើកទឹកចិត្តដល់កម្លាំងជួរមុខ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដីកម្ពុជា៕