(ភ្នំពេញ)៖ ក្រោយពីទទួលដំណឹងភ្លាមថា សាលាគុនល្បុក្កតោជ័យតេជៈ ដែលមានកីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ជាប្រធាន ត្រូវភ្លើងឆេះបំផ្លាញស្ទើងទាំងស្រុង, មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយ កញ្ញា ពេជ្រ ចរណៃ ដើម្បីប្រគល់ថវិកាមួយចំនួន រួមចំណែកក្នុងការរៀបចំដំណើរការសាលាបង្ហាត់បង្រៀនគុនល្បុក្កតោឆាប់ៗឡើងវិញ។ ព្រមជាមួយនេះក៏បានជជែក និងស្នើសុំជាមួយម្ចាស់ទីតាំងជួលឲ្យបានសម្រេចជោគជ័យ ដោយអាចបន្តដំណើរក្រោយមានលទ្ធភាពរៀបចំឡើងវិញបានផងដែរ។

សាលាគុនល្បុក្កតោជ័យតេជៈ ដែលត្រូវបានភ្លើងឆេះបំផ្លាញខ្ទេចខ្ទីស្ទើរតែទាំងស្រុងនេះ កាលពីវេលាម៉ោង ៨៖៤៥នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ជាទីតាំងជួលគេដើម្បីបើកសាលាបង្ហាត់បង្រៀនគុនល្បុក្កតោ ដែលកំពុងដំណើរបាន២ថ្ងៃ និងអាហារដ្ឋាននឹងជិតបើកដំណើរការ ស្ថុិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងឱកាសនៃការផ្តល់ថវិកាឧបត្ថម្ភមួយចំនួន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជានាថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងលើកទឹកចិត្តឲ្យកញ្ញាកញ្ញា ពេជ្រ ចរណៃ ប្រឹងប្រែងបន្តដើម្បីសម្រេចសេចក្តីប្រាថ្នាដែរខ្លួនបានប៉ង។

លោកស្រី ម៉ែន នារីសោភ័គ បានឲ្យដឹងថា មូលហេតុដែលផ្តល់ថវិកាមួយចំនួនដល់កីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ នៅពេលនេះ គឺបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលព័ត៌មានបូករួមទាំងការសួរនាំ និងក្តាប់ព័ត៌មានលំអិតទាក់ទងនិងករណីគ្រោះអគ្គិភ័យនៅទីតាំងបង្ហាត់បង្រៀនគុនល្បុក្កតោ និងអាហារដ្ឋានជិតនឹងដំណើរការ ដែលបណ្តាលឲ្យខូតខាត និងបាត់បង់ទ្រព្យសម្បត្តិ ពិសេសសៀវភៅយុទ្ធគុនល្បុក្កតោដែលជាមរតកដ៏មានតម្លៃរបស់កម្ពុជារួចមក ទើបបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចជួយឧបត្ថម្ភថវិកា ដោយយោងលើគុណតម្លៃនៃការលើកតម្កើងគុនល្បុក្កតោកម្ពុជារបស់ ពេជ្រ ចរណៃ ដែលបានខិតខំតស៊ូដើម្បីកសាងថែរក្សាគុនល្បុក្កតោកម្ពុជា ដូច្នេះទើបថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រីផ្ទាល់ធ្វើការទំនាក់ទំនងប្រគល់ថវិកាមួយចំនួនដើម្បីជាការរួមចំណែកក្នុងការរៀបចំដំណើរការសាលាបង្ហាត់បង្រៀនគុនល្បុក្កតោឆាប់ៗឡើងវិញ។

កញ្ញា ពេជ្រ ចរណៃ បានសម្តែងនូវការថ្លែងអំណេរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត គោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមិនដែរសោះនោះឡើយក្នុងការទុក្ខឲ្យប្រជាជនរបស់លោកមួយណា មិនទទួលបានការជួយសង្គ្រោះ ពីជួបទុក្ខលំបាក ជាក់ស្តែងដូចករណីកញ្ញាផ្ទាល់តែម្តង ដែរជាទុក្ខដ៏ធំមួយផងដែរ។

តាមការបញ្ជាក់របស់កញ្ញាបានគូសបញ្ជាក់ថា ទ្រព្យសម្បត្តិដែលបានបាត់បង់ក្នុងគ្រោះអគ្គិភ័យនេះអស់ចំនួនជាច្រើន ប៉ុន្តែកញ្ញាមានការតក់ស្លុត និងសោកស្តោយបំផុតនោះគឺការបាត់បង់នូវសៀវភៅដែលជាស្នាដៃបន្សល់ទុកពីព្រឹទ្ធាចារ្យក្រមាមាសផ្ទាល់ជូនកញ្ញាផ្ទាល់ដៃ»។

សូមជម្រាបថា កីឡាការិនីគុនល្បុក្កតោ ពេជ្រចរណៃ គឺជាកូនសិស្សមួយរូបរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សានគឹមស៊ាន ដែលលោកព្រឹទ្ធាចារ្យទើបតែទទួលមរណៈភាពកាលពីថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៥ ។ ដោយសារតែមានគំនិតចង់លើកតម្កើង នឹងថែរក្សាការពារនូវគុនល្បុក្កតោឲ្យកាន់តែរីកចម្រើនឋិតថេរយូរអង្វែងនោះ ក៏បានបើកសាលារៀនមួយដែលមានឈ្មោះថា សាលាគុនល្បុក្កតោជ័យតេជៈ ដោយបច្ចុប្បន្នមានសិស្សប្រមាណ២៩ហើយ ក្នុងចំណោមនោះគឺប្រមាណជា៧០ភាគរយ គឺមិនមានបានបង់ថ្លៃនោះទេ ដោយសារតែជាសិស្សនិស្សិតដែលខ្វះខាត ហើយក្រៅពីនោះអ្នកដែលមានលទ្ធភាពក៏បានជួយបង់ថវិកាដើម្បីសាលារៀនអាចដោះស្រាយបង់ថ្លៃទឹកនិងភ្លើងប្រចាំខែផងដែរ។

ដូច្នេះដើម្បីមានលទ្ធភាពក្នុងការទ្រទ្រង់និរន្តរភាពនៃដំណើរការសាលាគុនល្បុក្កតោជ័យតេជៈនេះ ពេជ្រ ចរណៃ ក៏សម្រេចរៀបចំបើកអាហារដ្ឋានប្ហូបបែបខ្មែរនៅបរិវេណសាលាគុន ប៉ុន្តែមិនទាន់បានបើកដំណើរការផង ក៏ត្រូវអគ្គិភ័យបំផ្លាញខ្ទេចខ្ទីអស់តែម្តង៕