(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានបន្តបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការលើវិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ ជូនសិក្ខាកាមគោលដៅ ជាមន្ត្រីទទួលបន្ទុកកិច្ចលទ្ធកម្មសាធារណៈ ចំនួន៨០ នាក់ មកពីស្ថាប័នអនុវត្តលទ្ធកម្មរដ្ឋបាល ក្រុង ស្រុក នៃខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន កំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ ។
ពិធីបើកវគ្គបណ្ដុះបណ្តាលនិងវិក្រឹតការនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពី នាយក នាយករង នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយករងនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ប្រធាន អនុប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និងសិក្ខាកាម។
លោក ពេជ្រ សម្បត្តិ បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានដាក់ឱ្យអនុវត្តលើកដំបូងនៅឆ្នាំ២០០៤ ក្នុងគោលដៅ ប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូលនិងមានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្ដោតលើលទ្ធផលឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដានិងឧត្តមានុវត្តអន្តរជាតិ។ បច្ចុប្បន្ន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតក្នុងដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម ដែលសិទ្ធិអំណាច ភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើនទ្បើង ត្រូវបានផ្ទេរទៅឱ្យក្រសួង ស្ថាប័ន និងមន្ទីរអង្គភាពក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និង ការអនុវត្តថវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកា ហើយគ្រោងឈានទៅអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម ចាប់ពីឆ្នាំ២០២៦ តទៅ។
យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ ត្រូវបាននិងកំពុងធ្វើបច្ចុប្បន្នកម្ម សម្រាប់ការអនុវត្តក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាល និងត្រូវបញ្ចប់ក្នុងឆ្នាំ២០២៨ ក្នុងគោលបំណងធ្វើឱ្យប្រព័ន្ធលទ្ធកម្មសាធារណៈក្លាយជា «ប្រព័ន្ធមួយដែលកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ»។
ទន្ទឹមនេះ ផែនការយុទ្ធសាស្ត្រស្ដីពីការកសាងនិងការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏កំពុងធ្វើបច្ចុប្បន្នកម្ម និងដែលត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៨ ដូចគ្នា សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាល និង វិក្រឹតការសមត្ថភាព ជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលថ្នាក់ក្រោមជាតិ ។
លោកអនុរដ្ឋលេខាធិការ គូសបញ្ជាក់បន្ថែមថា ច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣ បានតម្រូវឱ្យមន្ត្រីរាជការជំនាញហិរញ្ញវត្ថុ សាធារណៈ នៃក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ។ តាមរយៈនេះ អនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ត្រូវបានដាក់អនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៤ កន្លងទៅនេះ។
ទន្ទឹមនេះ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក៏ត្រូវបានដាក់ឱ្យអនុវត្តនៅតាមគ្រប់ក្រសួងស្ថាប័ន ដើម្បីជំរុញតម្លាភាព ប្រសិទ្ធភាព សង្គតិភាព ភាពត្រឹមត្រូវ ទាន់ពេលនៃព័ត៌មាននិងទិន្នន័យហិរញ្ញវត្ថុ សម្រាប់វិភាគ និងព្យាករ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ។ ប្រព័ន្ធ FMIS ជាឧបករណ៍ដ៏សំខាន់សម្រាប់គាំទ្រការសម្រេចជោគជ័យ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ប្រព័ន្ធ FMIS នេះ នឹងក្លាយជាប្រព័ន្ធស្នូលក្នុងការគ្រប់គ្រង ការរៀបចំ ការអនុវត្ត ការតាមដាន និងការត្រួតពិនិត្យលើការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ជាពិសេសមុខងារអនុវត្តកិច្ចលទ្ធកម្មសាធារណៈពេញលេញ ត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធ FMIS និង កំពុងអនុវត្តនៅតាមក្រសួងស្ថាប័ន និង គ្រឹះស្ថានសាធារណៈរដ្ឋបាលមួយចំនួនផងដែរ។
ការណ៍នេះ ឆ្លុះឱ្យឃើញពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនិងវិក្រឹតការជាស៊េរីលើ «វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ» នាពេលនេះ ពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្ដែង របស់ស្ថាប័នអនុវត្តលទ្ធកម្ម និង អង្គភាពថវិកា ពាក់ព័ន្ធនឹងនីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់គាំទ្រការអនុវត្តការងារប្រចាំថ្ងៃ ឱ្យកាន់តែមានផលិតភាពនិងប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ តាមគោលដៅគ្រោងទុក សំដៅចូលរួមចំណែកធានាប្រសិទ្ធភាព តម្លាភាព និង សង្គតិភាព នៃការគ្រប់គ្រងថវិការដ្ឋ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕