(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ អគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រារព្ធពិធីអបអរសាទរទិវារំលឹកខួប២៧ឆ្នាំ នៃការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញនិងការបូកសរុបសមិទ្ធផល៩ឆ្នាំ របស់ក្រុមប្រឹក្សាធម្មនុញ្ញ (ពីខែមិថុនា ឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០២៥) ក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អមដោយព្រះវត្តមាន និងវត្តមានសម្ដេច សមាជិក សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំខុទ្ទកាល័យ ទីប្រឹក្សា ជំនួយការ មន្ត្រីខុទ្ទកាល័យ មន្ត្រីអគ្គលេខាធិការ ដ្ឋាន ភ្នាក់ងារជាតិជាប់កិច្ចសន្យា ប្រមាណជាង១០០ រូប។

ថ្លែងក្នុងឱកាសនោះ កិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានគូសបញ្ជាក់ថា ពិធីអបអរសាទរទិវារំលឹកខួប២៧ឆ្នាំ (១៥ មិថុនា ១៩៩៨ - ១៥ មិថុនា ២០២៥) នៃការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញ និងការបូកសរុបសមិទ្ធផលរយៈពេល៩ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជារយៈពេលស្របនឹងរយៈពេល នៃអាណត្តិ៣ឆ្នាំចំនួន៣អាណត្តិរបស់ឯកឧត្តម ក្នុងនាទីជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ គឺអាណត្តិ ទី៧, ទី៨ និងទី៩ (ពីខែមិថុនា ឆ្នាំ២០១៦ ដល់ ខែមិថុនា ឆ្នាំ២០២៥)។ ដូច្នេះ ពេលវេលានេះក៏ជាថ្ងៃបញ្ចប់វគ្គបេសកកម្មការងាររបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញផងដែរ ជាវគ្គរយៈពេល៩ឆ្នាំ ដែល ឯកឧត្តមប្រធាន បានឆ្លងកាត់បេសកកម្មការងាររួមគ្នាជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ ក៏ដូចជាមន្ត្រីរាជការនិងបុគ្គលិកទាំងអស់នៃអគ្គលេខាធិការដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវរួមគ្នា ក្នុងការជម្នះពុះពារឧបសគ្គ បញ្ហាប្រឈមនានា ដោយសម្រេចបានជោគជ័យរួមជាបន្តបន្ទាប់ ពិសេសបានធ្វើឱ្យគុណតម្លៃស្នូល (Core Values) ជាដួងព្រលឹងរបស់ស្ថាប័ន ត្រូវបានសម្រេចក្លាយជាការពិតជាក់ស្តែង។

ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងឋានៈជាស្ថាប័នកំពូលឯករាជ្យ និងអព្យាក្រឹត្យ បានអនុវត្តសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយផ្អែកជាចម្បងលើខ្លឹមសារជាគោលការណ៍ ច្បាប់ និងគោលការណ៍នយោបាយ ជារចនាសម្ព័ន្ធមូលដ្ឋានដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយ មានការថ្លឹងថ្លែងរក្សានូវតុល្យភាពនៃគោលការណ៍ទំាងពីរ។ ជាក់ស្តែង ក្នុងរយៈពេល៩ឆ្នាំនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីសម្រេច ដែលមានចរិតជាគោលការណ៍ជាអាទិ៍ទាក់ទងនឹង៖ គោលការណ៍បែងចែកអំណាច,គោលការណ៍ឧត្តមប្រយោជន៍ជាតិដែលមិនអាចប៉ះពាល់បាន, គោលការណ៍ជាតិនិយម និងគោលការណ៍និរន្តរភាពនៃអំណាចសាធារណៈជាដើម ដែលជាការរួមវិភាគទានដល់ស្ថិរភាពនយោបាយ និងប្រក្រតីភាពនៃការប្រព្រឹត្តទៅរបស់ស្ថាប័នជាតិ។

កិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានរំលឹកឡើងថា ក្នុងរយៈពេល៩ឆ្នាំ អ្វីដែលជាអនុស្សាវរីយ៍ដ៏ថ្លៃថ្លា និងជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតចំពោះក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងនេះរាប់ទាំងក្រុមប្រឹក្សាធម្មនុញ្ញគ្រប់អាណត្តិ ក្រោមការដឹកនាំរបស់ប្រធានទាំង៤ ចាប់តាំងពីឆ្នាំ១៩៩៨មក គឺព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ២ ដែលបានកើតឡើងក្នុងអាណត្តិទី៩នៃក្រុមប្រឹក្សាធម្មនុញ្ញនោះគឺ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់សព្វព្រះរាជហរទ័យ ប្រោសប្រទានមហាកិត្តិយស ស្តេចគង់ប្រថាប់ជា ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត៖

*ទី១. ក្នុងព្រះរាជពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣
*និងទី២. ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលពិធីនេះប្រារព្ធធ្វើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

ព្រះរាជាធិបតីក្នុងព្រះរាជពិធីទាំង២ បានញ៉ាំងឱ្យព្រះរាជពិធីនេះ កាន់តែមានអត្ថន័យជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាជាតិខ្មែរ។

ចំពោះគម្រោងជាប្រវត្តិសាស្ត្រទាំង២នេះ លោកប្រធាន បានគូសបញ្ជាក់ជូនអង្គប្រជុំថា តាំងពីការចាប់ផ្តើមគំរោង រហូតដល់ការបញ្ចប់គំរោងជាស្ថាពរ មានការសម្រេចនិងការណែនាំគាំទ្រជាបន្តបន្ទាប់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលសម្តេចនៅជានាយករដ្ឋមន្រ្តី ដោយសម្តេចផ្តល់នូវគោលការណ៍សម្រេចឱ្យអនុវត្តគំរោង និងផ្តល់មធ្យោបាយថវិកាដើម្បីអនុវត្ត និងដោយឡែកនៅក្នុងរយៈពេលរៀបចំព្រះរាជពិធីសម្ពោធ វិមានរដ្ឋធម្មនុញ្ញ មានការគាំទ្រយ៉ាងយកចិត្តទុកដាក់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលក្នុងនាមក្រុមប្រឹក្សាធម្មនុញ្ញ លោកប្រធាន សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត។

ដោយឡែក យោងតាមរបាយការណ៍អានដោយអគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងពិធីនាព្រឹកនេះ បានបង្ហាញនូវសមិទ្ធផល៩ឆ្នាំ ដែលក្រុមប្រឹក្សាធម្មនុញ្ញសម្រេច បានក្រោមការដឹកនាំរបស់ កិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម រួមមាន៖

១៖ សមិទ្ធផលជារួម ដែលក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបានក្នុងការបំពេញ សមត្ថកិច្ច ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់

ក្នុងការបំពេញសមត្ថកិច្ចរបស់ខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចបាននូវសមិទ្ធផល ដោយបានទទួល និងពិនិត្យសម្រេចសេចក្តីលើសំណុំរឿងទាក់ទងនឹង៖ (១) ព្រះរាជសារនៃ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ដោយក្រុមប្រឹក្សាធម្មនុញ្ញបានចេញចុតហ្មាយក្រាបបង្គំទូលថ្វាយមតិព្រះមហាក្សត្រ ចំនួន ៣ករណី (២) សំណើសុំ ពិនិត្យធម្មនុញ្ញភាពច្បាប់ ចំនួន ៣១សំណុំរឿង ដោយក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីសម្រេច ចំនួន ៣១ និង(៣) បណ្តឹងទាក់ទងនឹងការបោះឆ្នោត ចំនួន ១៧៩បណ្តឹង ដោយក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីសម្រេច ចំនួន ៣៩ ។ ក្នុងនោះផងដែរ បណ្តឹង និងសំណើ មិនចូលសមត្ថកិច្ច ឬខុសទម្រង់ ឬម្ចាស់សំណើពុំមានគុណវុឌ្ឍិ មានចំនួន៣សំណុំរឿង ដោយក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីជូនដំណឹង ចំនួន៣។ អនុលោមតាមច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រុមប្រឹក្សាធម្មនុញ្ញបានបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចំនួន២លើក។

២៖ សមិទ្ធផល ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបាន ក្រោមការដឹកនាំរបស់កិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ក្នុងបុព្វហេតុឧត្តមប្រយោជន៍ជាតិ និងវឌ្ឍនភាព/កិត្យានុភាពរបស់ស្ថាប័ន

និយាយដោយឡែក ក្នុងឋានៈជាប្រធានស្ថាប័ន លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម គឺជាមគ្គទេសក៍ដ៏ឆ្នើមមួយរូបក្នុងប្រវត្តិសាស្ត្ររបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដោយបានដឹកនាំស្ថាប័នប្រកបដោយឆន្ទៈ សមត្ថភាព បញ្ញាញាណ ទេពកោសល្យ និងឧត្តមគតិជាតិខ្ពស់ ជាគំរូដ៏ល្អប្រពៃ ញ៉ាំងក្រុមប្រឹក្សាធម្មនុញ្ញឱ្យឈានឡើង មានការរីកចម្រើន មានកិត្យានុភាព និងឧត្តមភាព កាន់តែស័ក្តិសមឋានៈជាស្ថាប័នកំពូលរបស់ជាតិ ដោយលោកកិត្តិនីតិកោសលបណ្ឌិតប្រធាន បានខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចនូវសមិទ្ធផលដ៏ត្រចះត្រចង់ លើការដ្ឋានការងារធំៗ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងវឌ្ឍនភាព កិត្យានុភាពរបស់ស្ថាប័ន រួមមាន៖

ក៖ សមិទ្ធផលនៃការបង្កើតគុណតម្លៃជាដួងព្រលឹងរបស់ស្ថាប័ន

ក្នុងទិវារំលឹកខួប១៩ឆ្នាំ នៃការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ តាមការផ្តួចផ្តើមរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញបានកំណត់យក «គោរពនីតិរដ្ឋ ការពារឯករាជ្យភាព អនុវត្តអព្យាក្រឹតភាព» ទុកជាគុណតម្លៃ (Core Values) របស់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ។

ខ៖ សមិទ្ធផលនៃការបូកសរុបសមិទ្ធផល២៤ឆ្នាំ នៃការអនុវត្តរដ្ឋធម្មនុញ្ញ អបអរសាទរទិវារំលឹកខួប២៤ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

នៅខែកញ្ញា ឆ្នាំ២០១៧ លោកកិត្តិនីតិកោសលបណ្ឌិតប្រធាន បានផ្តួចផ្តើមរៀបចំពិធីរំលឹកខួបលើកទី២៤ ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ក្នុងរូបភាពជា Symposium មួយឡើង ក្នុងគោលបំណងដើម្បីបង្ហាញដល់សាធារណជន ឱ្យឃើញនូវគោលគំនិតធំចំនួនពីរ គឺ (១) លទ្ធផលនៃការកសាង និងអនុវត្តប្រព័ន្ធច្បាប់និងបទដ្ឋានគតិយុត្ត ដែលបានធានាបរិស្ថានអំណោយផល សម្រាប់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ (២) លទ្ធផលចម្បងៗ ក្នុងការអភិវឌ្ឍ ប្រទេសរបស់ស្ថាប័នជាតិនានា ក្នុងរយៈពេល២៤ឆ្នាំ កន្លងមក។

គ៖ សមិទ្ធផលនៃការកសាងសុខដុមនីយកម្មទស្សនាទានគុណតម្លៃធម្មនុញ្ញ និងការលើកកម្ពស់ធម្មនុញ្ញនិយម ស្របតាមបរិបទនៃសង្គមខ្មែរ

ក្នុងពិធីអបអរសាទរទិវារំលឹកខួប ២៧ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នាខែកញ្ញា ឆ្នាំ២០២០ លោកកិត្តិនីតិកោសលបណ្ឌិតប្រធាន បានរៀបចំសន្និសីទមួយ ដោយបានអញ្ជើញវាគ្មិន ចំនួន១៤រូប ដែលភាគច្រើនសុទ្ធសឹងជាបញ្ញវន្តទទួលសញ្ញាប័ត្រជាន់ខ្ពស់ និងមាននិក្ខេបបទបណ្ឌិតពីសកលវិទ្យាល័យធំៗ នៅកម្ពុជា និងពីបណ្តាប្រទេសនានា រួមមានពីប្រទេសបារាំង, អាល្លឺម៉ង់, រុស្ស៊ី, ចិន, ជប៉ុន, សិង្ហបុរី ដើម្បីចូលរួមជជែកពិភាក្សាផ្តល់មតិយោបល់លើប្រធានបទ៖ គុណតម្លៃទំនើប និងគុណតម្លៃខ្មែរ ដែលមានក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាវេទិកាមួយ មានការជជែកពិភាក្សាយ៉ាងទូលាយខាងសតិបញ្ញា និងមានលក្ខណៈវិទ្យាសាស្ត្រ។

ឃ៖ សមិទ្ធផលនៃការផ្សព្វផ្សាយសៀវភៅ «រដ្ឋធម្មនុញ្ញ» ចំនួន១០០.០០០ ក្បាល ក្នុងឱកាសអបអរសាទរ ទិវារំលឹកខួប២៨ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា 

កាលពីឆ្នាំ២០២១ លោកកិត្តិនីតិកោសលបណ្ឌិត ប្រធាន បានចាត់ឱ្យបោះពុម្ពសៀវភៅ រដ្ឋធម្មនុញ្ញ ចំនួនដប់មុឺនក្បាល ដើម្បី ចែកជូនទៅកាន់ស្ថាប័នសរុបចំនួន ៣.៣៤៧ នៅទូទាំងប្រទេស រួមមាន គ្រប់ក្រសួង ស្ថាប័ន អង្គភាពជាតិ, ក្រុមប្រឹក្សារាជធានី-ខេត្ត, ក្រុម ប្រឹក្សាក្រុង-ស្រុក-ខណ្ឌ, ក្រុមប្រឹក្សាឃុំ-សង្កាត់, គណៈអភិបាលរាជធានី-ខេត្ត, គណៈអភិបាល ក្រុង-ស្រុក-ខណ្ឌ, រដ្ឋបាលរាជធានី-ខេត្ត, រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ, រដ្ឋបាលឃុំ-សង្កាត់, គណ បក្សនយោបាយ, សហជីព, សមាគម, អង្គការមិនមែនរដ្ឋាភិបាលជាតិ និង អន្តរជាតិ, ស្ថានទូត, និងគ្រឹះស្ថានអប់រំ ទាំងសាធារណៈ និងឯកជន ព្រមទាំងស្ថាប័នពាក់ ព័ន្ធមួយចំនួនទៀត។

ង៖ សមិទ្ធផលនៃការផ្តួចផ្តើមរៀបចំព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំនៃការ ប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ និងការកសាងរបាយការណ៍សមិទ្ធផល៣០ឆ្នាំ នៃការអនុវត្តរដ្ឋធម្ម.នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

កាលពីឆ្នាំ២០២៣ ក្នុងពិធីរំលឹកខួប ៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា កិត្តិនីតិកោសលបណ្ឌិតប្រធាន បានផ្តួចផ្តើមគំនិតរៀបចំពិធីអបអរសាទរទិវាជាប្រវត្តិសាស្ត្រ រំលឹកខួប៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបានក្រាបបង្គំទូលសុំយាង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីដ៏អធិកអធមនេះ។ ព្រះរាជពិធីនេះត្រូវបានផ្តួចផ្តើមធ្វើឡើង ក្នុងគោលបំណងបង្ហាញនូវរបាយការណ៍បូកសរុបសមិទ្ធផលធម្ម នុញ្ញ ដើម្បីទុកជាបង្គោលចរ (Mile Stone) និងដើម្បីបង្ហាញជូនសាធារណមតិជាតិ និងអន្តរជាតិ បានជ្រួតជ្រាបអំពីសមិទ្ធផលធម្មនុញ្ញ ដែលគ្រប់ស្ថាប័នជាតិខិតខំសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ នាពេលកន្លងមក។

ច៖ សមិទ្ធផលនៃការកសាង «វិមានរដ្ឋធម្មនុញ្ញ» ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងនីតិរដ្ឋ លើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា

លោកប្រធានក្រុមប្រឹក្សាធម្មនុញ្ញ គឺជាអគ្គនិម្មាបនករ នៃគោលគំនិតដឹកនាំឱ្យកសាង និងរចនាប្លង់នៃ វិមានរដ្ឋធម្មនុញ្ញ ក្នុងទិដ្ឋភាពអត្ថប្បដិរូបកម្ម ដោយនាំយកនូវទស្សនាទានធម្មនុញ្ញ ឱ្យមកមូលសង្ខេបនៅលើសំណង់ស្ថាបត្យកម្មមួយ។ វិមានរដ្ឋធម្មនុញ្ញ ត្រូវបានស្ថាបនារួចជាស្ថាពរ និងប្រារព្ធព្រះរាជពិធីសម្ពោធឆ្លង ប្រកប ដោយសិរីជ័យមង្គលគ្រប់ប្រការ នៅ ថ្ងៃទី២៤ ខែកញ្ញា គ.ស.២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ការសម្រេចបានជាស្ថាពរនូវការកសាងមហាសមិទ្ធផលដ៏មានតម្លៃរបស់ជាតិខាងលើនេះ គឺជាមរតកស្នាដៃដ៏វិសេសវិសាលក្នុងដំណើរប្រវត្តិសាស្ត្រនៃការកសាងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ដែល ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធាន បានបន្សល់ទុកជូនជាតិមាតុភូមិ ដ្បិតសំណង់ វិមានរដ្ឋធម្មនុញ្ញ គឺជាសំណង់ប្រវត្តិសាស្ត្រ នឹងក្លាយជាសំណង់សតវត្យរ៍ ដែលផ្តល់គុណតម្លៃយ៉ាងធំធេងដល់ផ្នែកនីតិសាស្ត្រ ទស្សនវិជ្ជា សិល្បៈស្ថាបត្យកម្ម និងប្រវត្តិសាស្ត្ររបស់ជាតិ តទៅអនាគត។

ឆ៖ សមិទ្ធផលនៃការផ្តួចផ្តើមគំនិតបង្កើតកម្មវិធីគោរពច្បាប់ប្រចាំឆ្នាំ ហៅថា «នីតិគារវប្បវេណី» សម្រាប់ទិវាប្រកាសឱ្យប្រើ រដ្ឋធម្មនុញ្ញ ថ្ងៃ២៤ ខែកញ្ញា រៀងរាល់ឆ្នាំ

លោកកិត្តិនីតិកោសលបណ្ឌិតប្រធាន បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា បង្កើតឱ្យមានការប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅចំទិវាប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ថ្ងៃទី២៤ ខែកញ្ញា ដែលអស់រយៈពេល៣០ឆ្នាំកន្លង ចាប់តាំងពីថ្ងៃបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ក៏ដូចជាក្នុងប្រវត្តិនៃដំណើរការអនុវត្តច្បាប់ក្នុងសម័យទំនើបរបស់កម្ពុជា គឺពុំធ្លាប់មានការប្រារព្ធពិធីបែបនេះទេ។

ជ៖ សមិទ្ធផលនៃការបញ្ជ្រាបការយល់ដឹងរដ្ឋធម្មនុញ្ញ តាមរយៈការ ប្រើយន្តការបញ្ចូលគោលការណ៍គ្រឹះ មានចែងក្នុងរដ្ឋធម្មនុញ្ញ ទៅក្នុងប្រព័ន្ធអប់រំរបស់ជាតិ

នៅក្នុងឆ្នាំ២០១៩ លោកកិត្តិនីតិកោសលបណ្ឌិតប្រធាន បានផ្តួចផ្តើមគំនិតប្រើប្រាស់យន្តការអប់រំ ដោយបានចុះ MOU ជាមួយក្រសួងអប់រំ យុវជន និង កីឡា ដោយនាំយកបទប្បញ្ញត្តិគ្រឹះ មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំងបីកម្រិត។

ឈ៖ សមិទ្ធផលនៃការលើកកម្ពស់កិត្យានុភាពសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ

លោកកិត្តិនីតិកោសបណ្ឌិតប្រធាន បានចាត់ឱ្យសិក្សារៀបចំឯកសណ្ឋានសម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រជុំពេញអង្គ និងក្នុងពេលសវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដោយបានក្រាបបង្គំទូលសុំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រោសព្រះរាជទានព្រះរាជក្រឹត្យស្តីពីឯកសណ្ឋាននេះ។

ញ៖ សមិទ្ធផលនៃការពង្រឹងសមត្ថភាព ការកែលម្អជីវភាព ការថែទាំ សុខុមាលភាព ការលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ

ក្នុងរយៈពេល ៩ឆ្នាំ នៃការដឹកនាំក្រុមប្រឹក្សាធម្មនុញ្ញ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម មានព្រហ្មវិហារធម៌សណ្តោសប្រណី និងតែងយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីរាជការគ្រប់ឋានានុក្រម នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដោយក្នុងនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធាន សម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លាជាច្រើន ជាប្រយោជន៍ដ៏ធំធេងដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន។

ដ៖ សមិទ្ធផលនៃការស្ថាបនា មធ្យោបាយ សម្ភារបរិក្ខាផ្សេងៗ

អាគារ មធ្យោបាយ និងសម្ភារបរិក្ខា ដែលមាននៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអាណត្តិ ៩ឆ្នាំ របស់លោកកិត្តិនីតិកោសលបណ្ឌិតប្រធាន ទទួលបានការអភិរក្ស ជួសជុល កែលម្អ និងកសាងបំពេញបន្ថែមនូវសមិទ្ធផលជាច្រើន ដើម្បីជាប្រយោជន៍ដល់ស្ថាប័ន។

ឋ៖ សមិទ្ធផលនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ

ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លោកកិត្តិនីតិកោសលបណ្ឌិតប្រធាន បាន បង្កើតក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដែលរួមចំណែកក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយសម្រេចបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។

ឌ៖ សមិទ្ធផលនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូក្នុងក្របខណ្ឌវិជ្ជាជីវៈស្ថាប័ន

ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូក្នុងក្របខណ្ឌវិជ្ជាជីវៈ កិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយភ្ញៀវបរទេស សរុបចំនួន ១២លើក ព្រមទាំងបានដឹកនាំគណៈប្រតិភូ និងចាត់តាំងតំណាងដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីចូលរួមសមាជ សន្និសីទ និងកិច្ចប្រជុំនានារបស់សមាគមជាដៃគូ ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូខន់ហ្វេរិន សរុបចំនួន ៣៩លើក។

ឍ៖ សមិទ្ធផលនៃការផ្សព្វផ្សាយ និង ការបោះពុម្ពផ្សាយ

ក្នុងគោលបំណងនៃការលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ ទៅក្នុងចំណោមមជ្ឈដ្ឋានសាធារណៈ កិត្តិនីតិកោសលបណ្ឌិតប្រធាន បានចាត់ឱ្យបោះពុម្ពរដ្ឋធម្មនុញ្ញ សរុប ចំនួន ១៣៩,៥០០ក្បាល ដែលជាការបោះពុម្ពផ្សាយក្នុងចំនួនច្រើនបំផុត មិនធ្លាប់មានក្នុងពេលកន្លងមក ដើម្បីចែកជូនគ្រប់ស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស ពិសេសគឺនៅថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាឃុំសង្កាត់។

ណ៖ សមិទ្ធផលក្នុងសកម្មភាពសង្គម មនុស្សធម៌ សាសនា និងកុសលកម្មផ្សេងៗ

លើផ្នែកសង្គម មនុស្សធម៌ សាសនា និងកុសលកម្មផ្សេងៗ កិត្តិនីតិកោសលបណ្ឌិតប្រធាន បានបន្សល់ទុកនូវស្នាដៃជាច្រើនជាគំរូល្អ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ជាអាទិ៍៖ គំរូនៃការចូលរួមចំណែកវិស័យសាសនា, គំរូនៃការចូលរួមសកម្មភាពមនុស្សធម៌ , គំរូនៃការជួយជ្រោមជ្រែងរៀបចំបុណ្យសពសមាជិក និងអតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។

៣៖ សេចក្តីសន្និដ្ឋាន

ជារួមក្នុងរយៈពេល ៩ឆ្នាំចុងក្រោយនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបន្តបំពេញសមត្ថកិច្ចរបស់ខ្លួន ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន និងបានរួមចំណែកដោះស្រាយបញ្ហាធំៗមួយចំនួនរបស់ជាតិ ក្នុងឋានៈជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត។

ដោយឡែក ក្រោមការដឹកនាំ ប្រកបដោយឆន្ទៈ សមត្ថភាព បញ្ញាញាណ ទេពកោសល្យ និងឧត្តមគតិជាតិខ្ពស់ របស់ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុន លឹម ក្នុងរយៈពេល៩ឆ្នាំ (មិថុនា ឆ្នាំ២០១៦ ដល់មិថុនា ឆ្នាំ២០២៥) កន្លងមកនេះ បានធ្វើឱ្យក្រុមប្រឹក្សាធម្មនុញ្ញសម្រេចសមិទ្ធផលដ៏ត្រចះត្រចង់គួរជាទីមោទនៈ រួមមានសមិទ្ធផល ផ្នែកទន់ (រួមមានការ. កសាងទស្សនាទាន គុណតម្លៃ និងមនសិការជាតិ) និង ផ្នែករឹង (រួមមានសំណង់ សម្ភារៈ បរិក្ខារ មធ្យោបាយ។ល។) ហើយសមិទ្ធផលដ៏វិសេសវិសាលឧត្តមថ្លៃថ្លា ដែលសម្រេចបាននេះ បាននិងកំពុងផ្តល់នូវឧត្តមប្រយោជន៍ដល់ជាតិ និយាយជារួម និងនិយាយដោយឡែក បានធ្វើឱ្យក្រុមប្រឹក្សាធម្មនុញ្ញ កាន់តែមានកិត្យានុភាព និងឧត្តមភាព។

សមិទ្ធផលដែល កិត្តិនីតិកោសលបណ្ឌិតប្រធាន បានខិតខំប្រឹងប្រែងសម្រេចបាន ជាមួយនឹងឧត្តមគតិជាតិគួរឱ្យគោរពកោតសរសើរ ដូចបានបរិយាយពីខាងដើមនេះ ប្រាកដណាស់គឺបានក្លាយជា មរតកខាងផ្នែកបេតិកភណ្ឌ ផង និង មរតកខាងផ្នែកបញ្ញា ផង ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែង ហើយដោយផ្អែកលើមូលដ្ឋាន មរតកដ៏ប្រសើរថ្លៃថ្លា នេះ ពិតណាស់គឺនាំឱ្យស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ កាន់តែមានដើមទុនរឹងមាំ និងធនធានមិនចេះរីងស្ងួត ក្នុងការបន្តបេសកកម្មរបស់ខ្លួន បំពេញសមត្ថកិច្ចជាស្ថាប័នកំពូល ប្រកបដោយភាពស្វាហាប់ ក្នុងការចូលរួមកសាង ព្រះរាជាណាចក្រកម្ពុជា ឱ្យឈានឡើងជាសង្គមនីតិរដ្ឋ៕