(សៀមរាប)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថាកម្ពុជា ត្រៀមលក្ខណៈសម្បត្តិ និងឯកសារគ្រប់គ្រាន់ ប៉ុន្តែមិនអាចបង្ហាញជាសាធារណៈនោះទេ ព្រោះត្រូវគោរពតាមនីតិវិធីរបស់តុលាការ ICJ។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារសុខា ខេត្តសៀមរាប។
ចំពោះមុខអង្គពិធី, សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថាបងប្អូនខ្លះនៅមានចម្ងល់ថា ប្រសិនជាពាក្យបណ្ដឹងបានបញ្ជូនទៅហើយ សូមឱ្យរដ្ឋាភិបាលបង្ហាញបង្កាន់ដៃផង។ សម្ដេច បានបញ្ជាក់ថា យើងត្រូវគោរពតាមនីតិវិធីរបស់តុលាការ ប៉ុន្តេបើយើងចង់បំផ្លាញប្រៀបរបស់កម្ពុជាលើឆាកអន្តរជាតិ យើងមិនបាច់គោរពនីតិវិធីតុលាការនោះទេ។
«បង្កាន់ដៃយើងមាន លិខិតអញ្ជើញយើងមានរក្សាទុកនៅក្រសួងការបរទេស ប៉ុន្តែICJ គេសុំយើងកុំឱ្យបង្ហាញអ្វីពាក់ព័ន្ធជាមួយមន្ត្រីគេ រូបភាពមន្ត្រីគេ ឬឯកសារលិខិតស្នាមក្នុងដំណាក់កាលនេះ។ ព្រោះមិនចង់ឱ្យយកឯកសាររបស់គេ មកធ្វើនយោបាយក្នុងប្រទេសណាមួយទេ ច្បាប់របស់គេអ៊ីចឹង។ សូម្បីតែតុលាការរបស់យើង ក្នុងដំណាក់កាលកំពុងដំណើរការរឿងក្ដី បើមេធាវីណាមួយបញ្ចេញឯកសារជាសាធារណៈ អាចជាប់គុកភ្លាម ដូច្នេះយើងត្រូវគោរពនីតិវិធី»។ នេះបើយោងតាមប្រសាសន៍របស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងបន្តថា រដ្ឋាភិបាល នឹងខិតខំធ្វើគណនេយ្យភាព និងតម្លាភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងជំហាននៃការតតាំងនេះ យើងបានគិតគូរពីការដាក់ជូននូវព័ត៌មាន ប៉ុន្តែយើងត្រូវតែគោរព និងមិនអាចរំលោភបំពាននូវវិធានរបស់ ICJ នោះទេ។
បន្ថែមពីនេះ សម្ដេច បានមានប្រសាសន៍ថារដ្ឋាភិបាល មានជម្រើស២ គឺទី១)បង្ហាញគ្រប់ព័ត៌មានជូនប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់ ដើម្បីឆ្លើយតបនឹងការចង់បាន ចង់ដឹងយ៉ាងអន្ទះសាររបស
បងប្អូនរបស់យើង ដោយមិនគោរពពីវិធានរបស់តុលាការ ICJ ឡើយ ហើយប្រឈមចំពោះមុខICJ។ ទី២) រដ្ឋាភិបាល ខិតខំបញ្ជូនព័ត៌មានទៅតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ឱ្យបងប្អូនបានដឹងពីនីតិវីធី ជំហាននៃការរៀបចំ ប៉ុន្តែយើងមិនអាចរំលោភទៅលើវិធាន នីតិវិធី របស់តុលាការICJនោះទេ។
បើតាមការបញ្ជាក់របស់សម្ដេច, «សម្រាប់កម្ពុជា យើងសុខយកភាពជោគជ័យតាមរយៈតុលាការជាគោល ទោះបីជាពេលខ្លះ បងប្អូនអន្ទះសារក៏ដោយ ក៏យើងត្រូវរង់ចាំការបង្ហាញពីតុលាការយុត្តិធម៌អន្តរជាតិមកវិញ ព្រោះតុលាការនីមួយៗ មិនមែនជាកន្លែងផ្ញើកង់នោះទេ»។
សូមជម្រាបថា កាលពីថ្ងៃចន្ទ ទី១៦ មិថុនា ២០២៥ វេលាម៉ោង ១១៖៣០នាទីព្រឹក ម៉ោងនៅទីក្រុងឡាអេ ត្រូវនឹងម៉ោង ៤៖៣០នាទីល្ងាច ម៉ោងនៅរាជធានីភ្នំពេញ លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕