(សៀមរាប)៖ ឆ្លើយតបទៅនឹងការគម្រោមកំហែងរបស់ថៃ ទាំងផ្នែកយោធា និងសេដ្ឋកិច្ចមកលើកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែនជាមួយថៃនាពេលនេះ មិនមែនបង្កឡើងដោយកម្ពុជានោះឡើយ ប៉ុន្តែវិធានការដែលកម្ពុជាបានដាក់ចេញក្នុងការឆ្លើយតប គឺដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងបូរណភាពទឹកដីតែប៉ុណ្ណោះ។
ថ្លែងពីលើទឹកដីអង្គរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានគូសបញ្ជាក់យ៉ាងដូច្នេះថា «កម្ពជាមិនមែនជាអ្នកបង្ករឿងនោះទេ ហើយវិធានការដែលកម្ពុជាបានដាក់ចេញនេះ គឺការឆ្លើយតប ដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងបូរណភាពទឹកដី ត្រៀមលក្ខណៈតែប៉ុណ្ណោះ កម្ពុជាមិនចង់បានដីអ្នកណា តែមួយមីលីម៉ែត្រ ក៏ប៉ុន្តែក៏មិនឱ្យអ្នកឯងមកបំពាន មួយមីលីម៉ែត្របានដែរ នេះជាការប្តេជ្ញាចិត្តរបស់យើង»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី បានថ្លែងបន្តថា កងទ័ពស្រួចរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះជាមួយថៃ មានបី គឺលើសមរភូមិច្បាប់ តាមរយៈការដាក់ពាក្យបណ្តឹង ទៅ ICJ សមរភូមិការទូត និងសមរភូមិយោធា ដែលប្រើក្នុងករណីចាំបាច់។ មុខព្រួញនេះ គឺជាអ្វីដែលកម្ពុជា ត្រូវធ្វើ។ ជាមួយគ្នានេះ សម្តេចបានអំពាវនាវសូមឱ្យកម្លាំងជាតិទាំងមូល នៅពីក្រោយទ័ពស្រួចទាំងបីមុខព្រួញនេះ ដើម្បីធ្វើការដោះស្រាយជម្លោះនេះ។
សូមជម្រាបផងដែរថា ដើម្បីឆ្លើយតបចំពោះភាពប្រមាថ និងការគម្រាមកំហែងរបស់ថៃ កម្ពុជាបានប្រើប្រាស់វិធានការជាបន្តបន្ទាប់ រួមមានការបិទច្រក ការបិទខ្ទប់មិនឱ្យនាំចូលបន្លែផ្លែឈើ បិទការនាំចូលប្រេងឥន្ធនៈ បិទការនាំអគ្គីសនី និងអ៊ីនធើណេតជាដើម។
មកទល់ពេលនេះ ច្រកព្រំដែនរកម្ពុជា-ថៃ ដែលរាជរដ្ឋាភិបាលសម្រេចបិទជាអចិន្ត្រៃយ៍មិនឱ្យចេញចូលទាំងស្រុង មានចំនួន៣ រួមមានច្រកអន្តរជាតិ អានសេះ ក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ ច្រកអន្តរជាតិជប់គគីរ និងច្រកអន្តរជាតិ ជាំ ក្នុងខេត្តឧត្តរមានជ័យ។ ដោយឡែកច្រកអន្តរជាតិ ដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបិទដោយមិនអនុញ្ញាតឱ្យឡានដឹកទំនិញមិនឱ្យចេញចូល ប៉ុន្តែអនុញ្ញាតប្រជាពលរដ្ឋឱ្យចេញចូលថ្មើជើង។ ចំណែកច្រកផ្សេងៗទៀត គឺអាចចេញចូលបានធម្មតា លើកលែងការនាំចូលបន្លែ និងផ្លែឈើ។
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះដែរ ក្រុមយោធាថៃបានបន្តការសម្រេចចិត្តដោយឯកតោភាគី បញ្ជាឲ្យបិទម៉ូតូ និងរទេះ មិនឲ្យចេញ-ចូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប៉ុន្តែអនុញ្ញាតឲ្យរថយន្តចេញចូលធម្មតា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យព្រំដែនត្រឡប់ទៅរកសភាពដើមវិញ គឺងាយស្រួលណាស់ ដំបូង គឺបើកច្រក បន្ទាប់មកនិយាយរឿងដកទ័ព។ សម្តេចបានថ្លែងថា ការដោះស្រាយព្រំដែន កូនសោដោះស្រាយបញ្ហា ស្ថិតនៅលើដៃរបស់ថៃ។
សម្តេចបានបញ្ជាក់បន្ថែមថា ដរាបណាព្រំដែន មិនទាន់បើកជាប្រក្រតីឡើងវិញទេ នោះនឹងគ្មានការជួបជជែកចរចាគ្នាជាផ្លូវការរវាង គណៈកម្មការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ឡើយ៕