(សៀមរាប)៖ ជាថ្មីម្តងទៀតពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងបញ្ជាក់ថា ការធ្វើឱ្យព្រំដែនត្រឡប់ទៅរកសភាពដើមវិញគឺងាយស្រួលណាស់ ដំបូងគឺបើកច្រកព្រំដែន បន្ទាប់មកនិយាយរឿងដកទ័ព ហើយការដោះស្រាយបញ្ហាព្រំដែន កូនសោរដោះស្រាយស្ថិតនៅលើដៃរបស់ថៃហើយ បើថៃបើកព្រំដែនដោយឯកតោ​​ភាគី​មុន កម្ពុជានឹងបន្តបើកឡើងវិញតាមក្រោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ដូចនេះនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធ​យុវជនកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមបញ្ជូនសារនេះទៅប្រជាជនខ្មែរ និងប្រជាជនថៃ ដែលចង់ឱ្យស្ថានភាពច្រកព្រំដែនបើកទៅដូចដើមវិញ គឺឱ្យកងទ័ពថៃបើកទៅ បើកដោយឯកតោ​​ភាគី​មុនទៅ កម្ពុជានឹងបើកឡើងវិញ បញ្ហានឹងដោះស្រាយបានងាយដូចបកចេក ចឹងវាអាស្រ័យទៅលើកងទ័ពថៃ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅពេលដែលនាយករដ្ឋមន្ត្រីថៃ រដ្ឋាភិបាលថៃ តែងតែសុំបើកច្រកព្រំដែនវិញ តែបែជាមានមេទ័ពថៃនៅក្រោមតែងតែបិទបើក បិទបើកច្រកព្រំដែន ដែលនេះ​មិនមែន​ជាឆន្ទៈពិតប្រាកដក្នុងការចរចារដែលអាចឱ្យសម្តេចជឿជាក់បាននោះឡើយ, សូមឱ្យមានការឯកភាពផ្ទៃក្នុងជាមុនសិនទៅ ហើយអ្នកណាក៏ដោយឱ្យតែមានអំណាចពិតប្រាកដធ្វើការបើកច្រកព្រំដែនមុនទៅ កម្ពុជានឹងបើកវិញដូចគ្នា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដើម្បីចាប់ផ្តើមចរចារនិយាយគ្នាឡើងវិញទី១ ត្រូវរៀបចំបុរេកលក្ខខណ្ឌឱ្យបានសមស្រប ដើម្បីបង្កើតទំនុកទុកចិត្តគ្នា ព្រោះបើរឿងព្រំដែនមិនមានទំនុកទុកចិត្ត​គ្នាផង ទៅនិយាយរឿងទាហ៊ានធ្វើមិច? ចឹងត្រូវបើកព្រំដែនដែលងាយស្រួលបំផុត គឺបញ្ជាក់នូវឆន្ទៈទាំងសង្ខាង ដោយមិចចាំបាច់ចរចារ ឥលូវកម្ពុជាដាក់លើតុហើយ បើថាបើកច្រកព្រំដែនមុន​ កម្ពុជានឹងបន្តបើក​តាមក្រោយ រឿងព្រំដែនបើកធម្មតា ប្រជាជនធ្វើដំណើរធម្មតា។

តែទោះជាយ៉ាងណាសម្តេចមហាបវរធិបតី បានបន្ថែមថា រឿងបើកច្រកព្រំដែននេះ អត់មានការចរចារទ្វេភាគីនោះទេ អ្នកបិទមុន សូមបើកមុនចុះ សម្តេចផ្តល់សិទ្ធឱ្យ ហើយកម្ពុជានឹងបន្តបើកតាមក្រោយ ព្រោះកម្ពុជាចង់បានភាពល្អជូនប្រជាពលរដ្ឋឡើងវិញ គ្មានរឿងអីត្រូវធ្វើបាបប្រជាពលរដ្ឋ ដោយធ្វើការបិទព្រំដែននេះនោះទេ។ រឿងទាហ៊ានក៏ដូចគ្នា បើចង់ដកក៏ដកទៅ សម្រាប់កម្ពុជាគ្មានត្រៀមវ៉ៃអ្នកណានោះទេ ប៉ុន្តែក៏មិនអាចឱ្យគេមករករឿងនោះទេ។

ជាមួយគ្នានោះជាមួយនឹងរឿងបើកច្រកព្រំដែននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា «ដំណោះស្រាយនៅក្នុងដៃថៃហើយ ចង់បានស្ថានភាពដូចដើមវិញស្រួលណាស់ ទី១ បើកច្រក ពេលបើកច្រករួចហើយ អាចទាហ៊ាន និងទាហ៊ានជួបគ្នានិយាយគ្នា​រឿងដកទ័ព សាមញ្ញាណាស់ ប៉ុន្តែឥលូវសោរនៅគេ បើមានចិត្តត្រង់ពិតប្រាកដ ចង់បន្ថយធ្វើទៅ សោរនៅនោះហើយ ចាក់ទៅបើកទៅ យើងនឹងចូលតាមក្រោយជាមួយគ្នា»