(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា មុននឹងមកចរចាជាមួយកម្ពុជា ថៃគួរតែឯកភាពផ្ទៃក្នុងជាមុនសិន ហើយភាគីណាក៏បាន ក្នុងការមកជជែក រឿងបើកច្រកព្រំដែនជាមួយកម្ពុជា ព្រោះថា កម្ពុជា ចាំតែអនុវត្តន៍នោះទេ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ។
ថ្លែងចេញពីទឹកដីអតីតរាជធានីអង្គរដ៏ល្បាញល្បី, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវសួរ នៅពេលម្នាក់មកចង់ចរចា និងម្នាក់ទៀត បន្ដវាយរហូត បិទ-បើក ឯកតោភាគី តើឆន្ទៈពិតប្រាកដនៅកន្លែងណា? ឲ្យខ្ញុំជឿទេ? ជឿពីណាឥលូវ? និយាយជាមួយខាងលើ ខាងក្រោម អត់ស្ដាប់ ចឹងឲ្យមានការឯកភាពផ្ទៃក្នុងទៅ»។
សម្តេចបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជា មិនចង់ដឹងរឿងផ្ទៃក្នុងថៃ ថាមានការឯកភាពគ្នា ឬក៏មិនឯកភាពគ្នានោះទេ កម្ពុជាចង់ដឹងជាក់ស្ដែងនៅលើដី នៅពេលណា ដែលច្រកព្រំដែន បើកដូចដើមវិញ មិនថារដ្ឋាភិបាលបើក ឬមួយក៏យោធាបើកនោះទេ អ្នកណាក៏ដោយ ឲ្យមានអំណោចពិតប្រាកដនៅថៃ កម្ពុជានឹងបើកច្រកព្រំដែនឲ្យដូចដើមវិញ នៅតាមក្រោយ។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅពេលដែលនាយករដ្ឋមន្ដ្រីថៃ និងរដ្ឋាភិបាលថៃ តែងតែសុំចរចាបើកច្រកវិញ ជាមួយកម្ពុជា គឺមេទ័ពដៃនៅខាងក្រោម បិទ-បើកៗ។ សម្តេចបវរធិបតី បានថ្លែងចោទសួរថា តើកម្ពុជា ត្រូវធ្វើការជាមួយភាគីណា ជាមួយថៃ? ភាគីមួយចរចាបើក ភាគីទ័ពបែរជាបិទ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការធ្វើឱ្យព្រំដែនត្រឡប់ ទៅរកសភាពដើមវិញ គឺងាយស្រួលណាស់ ដំបូង គឺបើកច្រក បន្ទាប់មកនិយាយរឿងដកទ័ព។ សម្តេចបានថ្លែងទៀតថា ការដោះស្រាយព្រំដែន កូនសោដោះស្រាយបញ្ហា ស្ថិតនៅលើដៃរបស់ថៃ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបិទច្រកទ្វារព្រំដែនចំនួន២ ជាអចិន្ត្រៃយ៍ក្នុងខេត្តឧត្តរមានជ័យ ឆ្លើយតបនឹងមេទ័ពយោធភូមិភាគ២ របស់ថៃ ដែលបិទច្រកសាយតាគូ-ជប់គគីរ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បានបញ្ជាក់អំពីការសម្រេចបិទច្រកទ្វារព្រំដែនចំនួន២ ក្នុងខេត្តឧត្តរមានជ័យ គឺច្រកជប់គគីរ និងច្រកទ្វារព្រំដែនជាំ ចាប់ពីថ្ងៃទី២២ ខែមិថុនានេះតទៅ បន្ទាប់ពីកងទ័ពយោធភូមិភាគ២ របស់ថៃ ប្រកាសបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាក ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះ ដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា៕