(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រួមជាមួយក្រសួងស្ថាប័នមួយចំនួនទៀត កាលពីថ្ងៃទី២១ ខែមិថុនា កន្លងទៅ បានរៀបចំ «ទិវាយោគៈអន្តរជាតិ» លើកទី១១ ក្រោមប្រធានបទ «យោគៈសម្រាប់ផែនដីតែមួយ សុខភាពតែមួយ» នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។

ទិវាយោគៈអន្តរជាតិ មានការចូលរួមសហការដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងអប់រំ យុវជន និងកីឡា, សហភាពសហព័ន្ធយុវជនកម្ពុជា, សាលារាជធានីភ្នំពេញ, រដ្ឋបាលខេត្តសៀមរាប ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។

ព្រឹត្តិការណ៍នាព្រឹកនេះ ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់​ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ សិស្ស និស្សិត សរុបប្រមាណជាង៥០០នាក់។

ការប្រារព្ធទិវាយោគៈលើកទី១១ នេះពុំត្រឹមតែបានចូលរួមក្នុងលើកកម្ពស់គុណប្រយោជន៍សុខភាពដែលកើតចេញពីការហាត់យោគៈ ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈសកល និងក៏បានជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែ ទូលំទូលាយទៅកាន់ទីផ្សារឥណ្ឌា ស្របពេលដែលឆ្នាំ២០២៥ ត្រូវបានបន្តជា «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា» ពិសេសគឺការផ្សព្វផ្សាយឱ្យទូលំទូលាយពីផលិតផលទេសចរណ៍សុខុមាលភាពដែលកម្ពុជាបានផ្តល់ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយគុណភាព និងគួរជាទីពេញចិត្ត។

សូមបញ្ជាក់ថា «ទិវាយោគៈអន្តរជាតិ» ក៏បានធ្វើឡើងផងដែរ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥៕