(ព្រះសីហនុ)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយទទួលពាក្យបណ្ដឹងពីនារីជនជាតិចិន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ក្នុងករណីសង្ស័យថា ប្ដីរបស់ខ្លួន និងមិត្ត ២នាក់ទៀត ត្រូវបានជនសង្ស័យខាងលើចាប់ខ្លួន និងជំរុញឱ្យផ្ទេរប្រាក់ចំនួន ៤៥,០០០ដុល្លារ ជាថ្នូរដោះលែងមនុស្សឲ្យរួចខ្លួនវិញ។
ប្រតិបត្តិការនេះធ្វើឡើង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមបទបញ្ជាផ្ទាល់ និងម៉ឺងមាត់ពីសំណាក់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវជាបន្ទាន់លើករណីខាងលើនេះ។
ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញបានរកឃើញរថយន្ត ៣គ្រឿងពាក់ព័ន្ធក្នុងករណី៖ ១. LEXUS 570 (BONAM711), ២. RANGE ROVER (2BI-1723), ៣. LEXUS LM350 (2CI-0036) ក្នុងនោះជនរងគ្រោះចំនួន ៣នាក់ ត្រូវបានសង្គ្រោះដោយជោគជ័យ និងយកមកស្នងការដ្ឋាន ដើម្បីសួរនាំបន្ថែម និងផ្តល់សក្ខីកម្ម។
ចំណែកឯជនសង្ស័យមានឈ្មោះ XIE TIAN LONG ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិចិន អាសយដ្ឋាននៅក្រុងបូកគោ ខេត្តកំពត រីឯវត្ថុតាងដកហូតបានរួមមាន៖ រថយន្ត ៣គ្រឿង (LEXUS 570, LEXUS LM350, RANGE ROVER) ក្នុងនោះ Lexus 570 និង LM350 បានប្រគល់ជូនម្ចាស់ដើមវិញក្រោយមានការអនុញ្ញាត្តិ ពីព្រះរាជអជ្ញានៃអយយការអមសាលាដំបូងខេត្ត ទូរស័ព្ទ iPhone 16 Pro Max
សម្ភារបាត់បង់៖ នាឡិកា Rolex ($47,000), ចិញ្ចៀនមាស ($10,000), ប្រាក់សុទ្ធ ($60,000)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕