(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក, នាយឧត្តមសេនីយ៍ ម៉ូរីស៊ីកា យ៉ាស៊ូណូរី មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងភរិយា នឹងដឹកនាំប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់កងទ័ពជើងគោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្ដមសេនីយ៍ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ម៉ូរីស៊ី យ៉ាស៊ូណូរី នឹងមានជំនួបទ្វេភាគីជាមួយនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ នៅទីបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមេបញ្ជាការទាំងពីរ នឹងពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។
នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរី និងភរិយា ព្រមទាំងប្រតិភូ ក៏នឹងអញ្ជើញទស្សនកិច្ចខេត្តសៀមរាប និងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដើម្បីស្វែងយល់អំពីអរិយធម៌ វប្បធម៌ ដ៏រុងរឿងរបស់ជាតិខ្មែរ៕