(ពោធិ៍សាត់)៖ «ក្រោមម្លប់សន្តិភាព» រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួនយ៉ាងសកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកទស្សនាកម្សាន្ត តាមបណ្តាគោលដៅទេសចរណ៍ក្នុងប្រទេស ដែលនេះសបញ្ជាក់ឱ្យឃើញថា គោលនយោបាយវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់មួយ និងត្រូវបានចាត់ទុកថា ជាមាសបៃតង ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម តាមរយៈការបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញការវិនិយោគ។
ជាក់ស្តែងដូចជាគោលដៅទេសចរណ៍ថ្មី ស្ពានទី២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលជាស្ពានខ្ពស់ជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានក្លាយជាទីចាប់អារម្មណ៍ថ្មីមួយ សម្រាប់ភ្ញៀវទេសចរក្នុងស្រុក មកពីទីជិតឆ្ងាយ បានសម្រុកមកលេងកំសាន្ត ហើយខ្លះក៏ឆ្ពោះទៅសមុទ្រទឹកប្រៃ ខេត្តកោះកុង និងខ្លះទៀតក៏ឈប់សម្រាកសុំចតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានអាកាសធាតុត្រជាក់ និងមានផ្ទៃសមុទ្រទឹកសាបផងដែរ។
ថ្មីៗនេះស្ពានទី២៨ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជា ថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។
ស្ពានទី២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត-វាលវែង-កោះកុង មានរយៈកម្ពស់៩០ម៉ែត្រ ប្រវែង៥៣៧ម៉ែត្រ និងទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតក្នុងភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្ពានខ្ពស់ជាងគេនៅកម្ពុជា សាងសង់ដោយប្រើប្រាស់ថវិកាជាតិ សរុបប្រមាណ២៥លានដុល្លារ សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន។
បច្ចុប្បន្នស្ពាននេះ ត្រូវបានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ក្រោយពេលវឌ្ឍនភាពការតភ្ជាប់ធ្នឹមស្ពាន និងគម្រោងសាងសង់ផ្លូវជាតិលេខ១០ សម្រេចបានលទ្ធផល១០០%។ បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកទេសចរ អាចធ្វើដំណើរឆ្លងកាត់ឈប់ថតរូប ទស្សនាកម្សាន្ត ជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយព្រៃពឹក្សាខៀវស្រងាត់ មានអ័ព្វត្រជាក់ភ្នែក ពិសេសឆ្លងកាត់ស្ទឹងឫស្សីជ្រុំ នៃគម្រោងវារីអគ្គិនី ជាធុងអាគុយ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងបេសកកម្ម ដឹកនាំក្រុមការងារចុះដាំកូនឈើ ប្រភេទដើមក្ងោក ដើម្បីលម្អនៅតាមសងខាងផ្លូវ និងរៀបចំសណ្តាប់ធ្នាប់ ក្បែរស្ពានលេខ២៨ ក្នុងឃុំអូរសោម ស្រុកវាលវែង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្ត ក្នុងទឹកដីខេត្តពោធិ៍សាត់ ដោយបានគូសបញ្ជាក់ថា «សន្តិភាព» គឺមានសារៈសំខាន់លើសអ្វីៗទាំងអស់ ហើយបើគ្មានសន្តិភាព យើងក៏គ្មានឱកាសបានដើរហើរ និងគ្មានឱកាសអភិវឌ្ឍនកសាងជាតិបាននោះទេ។ ដូច្នេះហើយ បានជាសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចប្តេជ្ញាបន្តថែរក្សា ការពារសន្តិភាព និងស្ថិរភាពពេញលេញ ទោះក្នុងតម្លៃណាក៏ដោយ។
បងប្អូនពុកម៉ែប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណ ដល់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានអភិវឌ្ឍន៍កែប្រែតំបន់មួយនេះ ឱ្យមានភាពទាក់ទាញ ជាទីចាប់អារម្មណ៍សម្រាប់ទេសចរជាតិ និងអន្តរជាតិ និងបានចាត់ទុកថា «ទេសចរណ៍ រស់ក្នុងសន្តិភាព, ទេសរណ៍ក្នុងស្រុក ដើម្បីលើកស្ទួយសហគមន៍យើង»៕