(កំពង់ស្ពឺ)៖ បេក្ខជនភ្នាក់ងារគណបក្សភ្លើងទៀន ឃុំជម្ពូព្រឹក្ស ១៦រូប នៃស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសផ្ដាច់ខ្លួនចេញពីបក្សប្រឆាំង និងសូមគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ។
បេក្ខជនទាំង ១៦នាក់នេះ បានអះអាងថា ពួកគេស្ម័គ្រចិត្តដោយខ្លួនឯង មិនមានការបង្ខំ ឬទិញដូរឡើយ ដោយសារឈប់ជឿរលើមេដឹកនាំបក្សប្រឆាំង និងឈប់ចាញ់ល្បិចកលនយោបាយបោកប្រាស់ ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកតទៅទៀតហើយ និងគាំទ្ររាជរដ្ឋាភិបាល ដែលយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះជាមោទនៈភាពជាតិខ្មែរ។
បេក្ខជនភ្នាក់ងារគណបក្សភ្លើងទៀន ដែលទើបភ្ញាក់រលឹកទាំង ១៦នាក់ខាងលើ បានអះអាងថា សកម្មភាពនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំងមានតែបំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ជាក់ស្តែងនាពេលថ្មីៗនេះ ជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួកបានព្យាយាមធ្វើសកម្មភាពរារាំង គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍ មហាសាលសម្រាប់ជាតិ រួមទាំងសកម្មភាពអុចអាលប្រជាពលរដ្ឋឱ្យឈប់គាំទ្ររាជរដ្ឋាភិបាល ដោយឈរនៅជាមួយថៃ ក្នុងករណីជម្លោះព្រំដែនកម្ពុជា-ថៃ ថែមទៀតផង ដែលសកម្មភាពនេះជាទង្វើមួយដ៏អាម៉ាស់ជាទីបំផុត។
អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើការពារស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។
ពួកគេ ក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕