(ភ្នំពេញ)៖ លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំឡើងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ សំដៅរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យបានគ្រប់ជ្រុងជ្រោយ និងពេញលេញ ក្នុងគោលបំណងគ្រប់គ្រងវិស័យប្រៃសណីយ៍ ប្រកបដោយប្រសិទ្ធភាពដែលធានាការធ្វើអាជីវកម្ម និងការផ្តល់សេវាប្រៃសណីយ៍ ស្របតាមតម្រូវការរបស់ប្រជាជន ការរីកចម្រើននៃសង្គមនិងសេដ្ឋកិច្ច និងការវិវឌ្ឍន៍នៃបច្ចេកវិទ្យា៕