(សៀមរាប)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប អញ្ជើញទៅពិនិត្យស្ថានភាព និងសក្ដានុពលភូមិ ដែលក្រសួងអភិវឌ្ឍន៍ជនបទគ្រោងធ្វើការអភិវឌ្ឍជាភូមិគំរូគន្លឹះ ចំនួន ២ភូមិ ស្ថិតនៅក្នុងស្រុកអង្គរធំ និងស្រុកពួក ខេត្តសៀមរាប ដូចខាងក្រោម៖
*ទី១៖ ភូមិកណ្តោល ស្ថិនៅក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ដែលមានប្រជាជនសរុបចំនួន ១ ៧៨២នាក់ ស្មើនឹង ៣៧២គ្រួសារ។ ក្នុងភូមិនេះ ប្រជាពលរដ្ឋភាគច្រើនមានជំនាញត្បាញកំប្លោក រំពាក់ ស្លឹកត្នោត សម្រាប់លក់ចេញក្នុង និងក្រៅខេត្ត។ ភូមិក៏មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន មតេយ្យសហគមន៍ សាលាបឋសិក្សា និងអនុវិទ្យាល័យ, មណ្ឌលសុខភាព, មានសហគមន៍កសិកម្ម, និងមានដីស្រះសហគមន៍។
*ទី២៖ ភូមិត្រពាំងធំ ស្ថិតនៅក្នុងឃុំរើល ស្រុកពួក ដែលមានប្រជាជនសរុបចំនួន ១ ៤២១នាក់ ស្មើនឹង ២៧៤គ្រួសារ ។ ក្នុងភូមិនេះ ប្រជាពលរដ្ឋភាគច្រើន ប្រកបរបរត្បាញរំពាក់ រំចេក ឬស្សី ស្លឹកត្នោត ធ្វើជាកន្ត្រក នាល កញ្ជើ សម្រាប់លក់ក្នុងស្រុក និងក្រៅខេត្ត។ ភូមិក៏មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន៖មជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញក្នុងសហគមន៍, សាលាបុណ្យក្នុងភូមិ, ដីសហគមន៍, ផ្លូវកៅស៊ូពីរជាន់ឆ្លងកាត់ភូមិ ព្រមទាំងមានសេវាទឹកស្អាត អនាម័យជាមូលដ្ឋានគ្រប់គ្រាន់។
ក្នុងឱកាសនោះ លោក ឆាយ ប្ញទ្ធិសែន បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីស្វែងយល់អំពីតម្រូវការនានាសម្រាប់ការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់គាត់ ពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។
ជាមួយនេះ លោករដ្ឋមន្ដ្រី បានជម្រាបជូនអំពីបេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការអភិវឌ្ឍតំបន់ជនបទឱ្យមានការរីកចម្រើន កាត់បន្ថយភាពក្រីក្រ ក្នុងនោះក៏មានការអភិវឌ្ឍភូមិគំរូគន្លឹះ រួមទាំងសហគមន៍ជនជាតិដើមភាគតិចផងដែរ។
លោក បានបន្តថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ក្នុងការបន្ដការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក ប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងជាអតីតនាយករដ្ឋមន្រ្តី។
បន្ទាប់ពីបានសំណេះសំណាលរួច លោករដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមខ្នងផ្ទះ និងសមិទ្ធផលនានានៅក្នុងសហគមន៍ផងដែរ។
សូមបជម្រាបជូនផងដែរថា ក្នុងឱកាសជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ, លោករដ្ឋមន្ដ្រី បានផ្ដល់សម្ភារសម្រាប់ប្រើប្រាស់ក្នុងទីស្នាក់ការគណៈកម្មការអភិវឌ្ឍន៍ភូមទាំងពីរ ដោយភូមិនីមួយៗទទួលបាន តុវែង១ កៅអីចំនួន ១២ កុំព្យូទ័រ ១គ្រឿង និងថវិកា ២លានរៀលផងដែរ។បន្ទាប់មកទៀត ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវកា្រលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ខ្សែ ដូចខាងក្រោម៖
*ខ្សែទី១៖ ខ្សែផ្លូវ (ស្វាយចេក-ជប់តាត្រាវ) ជាការដ្ឋានសាងសង់ផ្លូវប្រវែង ១៧,៣០គ.ម. ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ក្នុងនោះ មានសំណង់លូប្រអប់មុខបី ចំនួន ១កន្លែង ត្រូវបានសាងសង់ដើម្បីវាងស្ពានបុរាណមួយកន្លែង ដោយសារសំណង់បុរាណនោះជាសម្បត្តិបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរានិងអង្គការយូនីស្កូ។ ខ្សែផ្លូវនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចវឌ្ឍនភាពប្រមាណ ៩៧,៦៥%។ ផ្លូវនេះ តភ្ជាប់ពីភូមិគោព្រះថ្មី ឃុំស្វាយចេក ឆ្លងកាត់ឃុំរើល ទៅកាន់ភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៨ ៥២៦គ្រួសារ និងប្រយោល ចំនួន ២៩ ៩៨៤គ្រួសារ។
*ខ្សែទី២៖ ខ្សែផ្លូវ (តាត្រាវ - រើល) ជាការដ្ឋានសាងសង់ផ្លូវប្រវែង ១០គ.ម. ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចវឌ្ឍនភាពប្រមាណ ៩៧,៦៥%។ ខ្សែផ្លូវនេះ តភ្ជាប់ពីភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ទៅកាន់ភូមិរើល ឃុំរើល ស្រុកពួក ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៩ ៧២៨គ្រួសារ និងប្រយោល ចំនួន ២១ ៣៩១គ្រួសារ ។
*ខ្សែទី៣៖ ខ្សែផ្លូវ (ដូនកែវ - ស្រះ) ជាការដ្ឋានសាងសង់ផ្លូវប្រវែង ១២,១០គ.ម. ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចវឌ្ឍនភាពប្រមាណ ៩៣,៣០%។ ខ្សែផ្លូវនេះ តភ្ជាប់ពីភូមិដូនកែវ ឃុំដូនកែវ ទៅកាន់ភូមិស្រះ ឃុំរើល ស្រុកពួក ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ១៣,៩៤៩គ្រួសារ និងប្រយោល ចំនួន ១៧,១៧០គ្រួសារ។
ផ្លូវទាំង ៣ខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា RID4CAMដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារ KfW, ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF)។ ខ្សែផ្លូវទាំង៣ខ្សែនេះ បាននិងកំពុងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋដោយផ្ទាល់សរុបចំនួន ២៤ ៤៦១គ្រួសារ និងមានអ្នកទទួលផលប្រយោលចំនួន ៦៨ ៥៤៥គ្រួសារ។
ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងពន្លឿនការងារសាងសង់ឱ្យលឿន ស្របតាមកិច្ចសន្យាការងារ ដើម្បីបានបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ៕