(ភ្នំពេញ)៖ ចុងក្រោយនេះ មន្ត្រីថៃមួយចំនួនបានប្រើប្រាស់សារសំឡេងបែកធ្លាយដើម្បីវាយបកមកលើកម្ពុជានិងជាពិសេសមកលើសម្តេចតេជោ ហ៊ុន សែន ដោយពួកគេនាំគ្នានិយាយពីក្រមសីលធម៌ការទូត។ មុននេះបន្តិចគេនិយាយអំពីវិជ្ជាជីវៈនៃទំនាក់ទំនងដោយចាត់ទុកមេដឹកនាំកម្ពុជាដែលបានប្រើមធ្យោបាយបញ្ចេញព័ត៌មានតាមហ្វេសប៊ុកថា ខ្វះវិជ្ជាជីវៈការងារ។ ស្តាប់ទៅ ពួកគេហាក់ដូចជាមនុស្សមានក្រមសីលធម៌ណាស់ មានវិជ្ជាជីវៈណាស់ តែធាតុពិតគឺផ្ទុយពីនេះស្រឡះ។ ហេតុអ្វី?
ទី១៖ ក្នុងទំនាក់ទំនងជាមួយកម្ពុជា ពួកគេតែងប្រើវិធីសាស្ត្រចាប់ដៃជាន់ជើងឬជាន់ឈ្លីកម្ពុជាតែម្តង។ ជាក់ស្តែង សុខៗស្រាប់តែទាហានថៃចូលមកបាញ់កងទ័ពកម្ពុជាម្នាក់ឱ្យស្លាប់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥។ កម្ពុជាក៏បានធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងដោយចាត់ទុកជាអំពើបំពានយ៉ាងធ្ងន់ធ្ងរមកលើកម្ពុជាហើយបានទាមទារឱ្យមានការស៊ើបអង្កេតហើយនាំជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែ រដ្ឋាភិបាលថៃធ្វើមិនដឹងមិនលឺចំពោះរឿងនេះ។ ក្រោយមក ពួកគេបានប្រើវិធីបិទព្រំដែនជាឯកតោភាគីតាមទំនើងចិត្តដោយមិនបានប្រាប់ភាគីកម្ពុជាក្នុងន័យដាក់គំនាបដោយការប្រមាថ។ ចុងក្រោយ ថៃបដិសេធមិនឡើងតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីទេ តែបែរជាដាក់ពង្រាយកងទ័ព និងសព្វាវុធដើម្បីបង្កហេតុនៅតាមព្រំដែនទៅវិញ។ យោងប្រភពពីក្រសួងការពារជាតិ ថៃបានបំពានលើកម្ពុជាជាង ៦០០ លើកមកហើយ។ នេះឬជាក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងាររបស់ថៃ?
ទី២៖ នៅពេលចង់ដោះស្រាយបញ្ហា ថ្នាក់ដឹកនាំកម្ពុជាមិនដឹងជាត្រូវនិយាយជាមួយអ្នកណាទេពីព្រោះនាយករដ្ឋមន្ត្រីថៃគ្មានអំណាចគ្រប់គ្រាន់ក្នុងការសម្រេចចិត្តដោយត្រូវទៅសុំយោបល់ជាមួយយោធាសិនមុននឹងសម្រេចកិច្ចការអ្វីៗជាពិសេសដំណោះស្រាយភាពតានតឹងនៅតាមព្រំដែន។ លើសពីនេះ នៅពេលមានការប្រឈមមុខគ្នាកើតឡើងតាមបណ្តោយព្រំដែន រដ្ឋាភិបាលថៃបែរជាប្រគល់សិទ្ធិឱ្យទៅយោធាជាអ្នកសម្រេចទៅវិញ។ មេទ័ពថៃមួយចំនួនដូចជាមេទ័ពភូមិភាគ២ជាដើមគឺជាមនុស្សប្រកាន់តឹង ប្រើតែពាក្យគំរាមចង់ធ្វើសង្គ្រាមដណ្តើមដីកម្ពុជា។ ដូចសព្វដងដែរ ឱ្យតែមានជម្លោះផ្ទៃក្នុងស្រួចស្រាល់ ថៃតែងរុញបញ្ហាមកព្រំដែនកម្ពុជាហើយទាញកម្ពុជាឱ្យជាប់ពាក់ព័ន្ធ ឬយកកម្ពុជាធ្វើជាចំណាប់ខ្មាំងនៃជម្លោះផ្ទៃក្នុងរបស់ខ្លួន។ តើនេះឬជាក្រមសីលធម៌ការទូត និងវិជ្ជាជីវៈការងាររបស់ថៃ?
ទី៣៖ បណ្តាញសារព័ត៌មានថៃភាគច្រើន រាប់ទាំងសារព័ត៌មានជាភាសាអង់គ្លេសផងត្រូវបានប្រើប្រាស់ជាមធ្យោបាយបញ្ចេញព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ បំពុលសង្គម ដោយមិនខ្វាយខ្វល់ពីក្រមសីលធម៌វិជ្ជាជីវៈទាល់តែសោះ។ មួយថ្ងៃៗ ពួកគេបញ្ចេញព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានដែលមានលក្ខណៈគាំទ្រនយោបាយរបស់កងទ័ពដោយបំភិតបំភ័យ ចោទប្រកាន់ មួលបង្កាច់ ទម្លាក់កំហុសមកលើកម្ពុជាដើម្បីបិទបាំងអំពើបាញ់ប្រហារសម្លាប់កងទ័ពខ្មែរ និងនយោបាយឈ្លានពានរបស់ខ្លួន។ នៅពេលមានការកែសម្រួលកងទ័ពទាំងសងខាងដើម្បីកាត់បន្ថយភាពតានតឹង ស្រាប់តែកងទ័ពថៃបានប្រើសារព័ត៌មានជាច្រើនឱ្យផ្សាយព័ត៌មានមិនពិតព្រោងព្រាតថាកម្ពុជាសុខចិត្តដកកងទ័ព ដែលជាការរំលោភកិច្ចព្រមព្រៀងយ៉ាងធ្ងន់ធ្ងរ។ នេះឬក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងាររបស់ថៃ?
ទី៤៖ ក្រោយពេលបិទព្រំដែនជាឯកតោភាគីហើយកម្ពុជាចាត់វិធានការឆ្លើយតបវិញដែលធ្វើឱ្យខូចប្រយោជន៍ប្រជាពលរដ្ឋថៃ នាយករដ្ឋមន្ត្រីថៃក៏បានទូរស័ព្ទមកសម្តេចតេជោសុំចរចាដើម្បីខ្លួនមានលេសទៅបើកព្រំដែនឱ្យដំណើរការជាប្រក្រតីឡើងវិញដោយមិនខូចមុខមាត់។ នេះគឺជាកលល្បិចនៃការប្រើប្រាស់មនោសញ្ចេតនានៃទំនាក់ទំនងគ្រួសារដើម្បីទាញផលចំណេញពីកម្ពុជា។ ប្រវត្តិសាស្ត្របង្ហាញថាកលល្បិចបែបនេះធ្លាប់ត្រូវបានប្រើដោយជោគជ័យពីអតីតកាល ប៉ុន្តែ វាគ្មានប្រសិទ្ធភាពទៀតទេក្នុងយុគសម័យតេជោ-ធិបតី។ ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅក្នុងសារបែកធ្លាយបានបញ្ជាក់ថា កម្ពុជាមិនអាចយកផលប្រយោជន៍ជាតិរបស់ខ្លួនទៅប្តូរជាមួយមុខមាត់របស់មេដឹកនាំថៃបានទេ ហើយក៏មិនប្រើមនោសញ្ចេតនារាប់អានគ្នាធ្វើឱ្យខូចប្រយោជន៍ជាតិនោះដែរ។ ក្រោយពីបរាជ័យក្នុងការប៉ុនប៉ងប្រើមនោសញ្ចេតនាដើម្បីកេងចំណេញពីកម្ពុជា នាយករដ្ឋមន្ត្រីថៃក៏ផ្តើមខឹងសម្បារហើយបានហៅមេដឹកនាំកម្ពុជាថាខ្វះវិជ្ជាជីវៈការងារដោយសារតែការបញ្ចេញព័ត័មានតាមហ្វេសប៊ុក។ នេះឬជាក្រមសីលធម៌ការទូត និងវិជ្ជាជីវៈការងាររបស់ថៃ?
សរុបមកវិញ ការបែកធ្លាយសារសំឡេងសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃគ្រាន់តែជារឿងតូចតាចមួយប៉ុណ្ណោះបើធៀបនឹងអ្វីដែលថៃបានបំពានមកលើកម្ពុជា។ ក្នុងន័យនេះ ថៃគ្មានមុខអីចេញមកនិយាយពីក្រមសីលធម៌ការទូត និងវិជ្ជាជីវៈការងារទេពីព្រោះខ្លួនបានបំពានក្រឹត្យក្រមទាំងនេះជារៀងរហូតមកហើយ។ ទំនាក់ទំនងប្រទេសទាំងពីរដែលធ្លាក់ចុះរហូតមកទល់ពេលនេះក៏ដោយសារតែ ថៃជាអ្នកបង្កដែរដោយផ្តើមពីការបាញ់សម្លាប់កងទ័ពកម្ពុជាហើយគ្មានការទទួលខុសត្រូវ ហើយថែមទាំងធ្វើសកម្មភាពផ្គើនដល់កម្ពុជាជាបន្តបន្ទាប់។
ដូច្នេះ ការបែកធ្លាយសារនេះអាចជាអចេតនាឬជាការវាយបកទៅលើការបំពានរបស់ថៃវិញពីសំណាក់អ្នកដែលធ្វើឱ្យបែកធ្លាយនោះក៏ថាបាន។ ចំណែកសម្តេចតេជោដែលបានសម្រេចចាក់ផ្សាយសារនោះទាំងស្រុងក្រោយពីបែកធ្លាយដោយសារសម្តេចចង់បង្ហាញតម្លាភាពចំពោះមុខប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដើម្បីកុំឱ្យមានការសង្ស័យថាសម្តេចឃុបឃិតជាមួយបរទេសធ្វើឱ្យខូចប្រយោជន៍ជាតិ។ នេះជាការទទួលខុសត្រូវខ្ពស់របស់មេដឹកនាំកម្ពុជាដែលតែងតែការពារផលប្រយោជន៍ជាតិយ៉ាងប្តូរផ្តាច់ពីព្រោះសម្រាប់សម្តេចតេជោនិងសម្តេចធិបតី គ្មានអ្វីធំជាងប្រយោជន៍ជាតិឡើយ៕