(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិ ព្រមទាំងអតីតសិស្សបឋមសិក្សាសាលាវត្តកោះទសវត្សរ៍ទី៨០ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីតំបន់ប្រឈមសមរភូមិមុខព្រំដែនកម្ពុជា-ថៃ មកកាន់ទីកន្លែងសុវត្ថិភាព នៅទីបញ្ជាការស្រាល មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម និងប្រគល់ជូនកងទ័ពប្រចាំការសមរភូមិ នៅទីបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស (៩១១)។

ក្នុងនាមប្រជាពលរដ្ឋខ្មែរ លោកថា នេះគឺជាពេលវេលាដែលពលរដ្ឋខ្មែរគ្រប់រូប ត្រូវជួយគ្នា ដើម្បីបង្ហាញពីកម្លាំងរួបរួម និងសាមគ្គីខ្មែរតែមួយ គឺខ្មែរជួយខ្មែរ ខ្មែរឈ្នះអ្វីៗទាំងអស់ ។ នេះជាទឹកចិត្តដ៏ប្រពៃមួយ ដែលថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិវ៉ូវីណាម ក៏ដូចជាសប្បុរសជននានា ដែលរួមគ្នាជួយសម្រួល ក៏ដូចជាការលើកទឺកចិត្តដល់បងប្អូនកងទ័ពប្រចាំការនៅសមរភូមិមុខ ។ ទោះបីតិចតួចយ៉ាងណា តែនេះគឺជាទឹកចិត្តរួមគ្នា ក្នុងការការពារបូរណភាពទឺកដី នៃព្រះរាជាណាចក្រកកម្ពុជា។

លោកបន្ដថា «ការរួបរួមគ្នារបស់ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ-កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា និងមិត្ដភ័ក្ដ្រជាតិ និងអន្ដរជាតិនេះ ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ហើយក៏ជាការបណ្ដុះគំនិតស្នេហាជាតិដល់ប្អូនៗ ជាយុវជន ឲ្យពួកគាត់បានយល់ថា ទោះបីពួកគាត់នៅទីក្រុង ធ្វើការហ្វឹកហាត់តំណាងឲ្យជាតិ ដើម្បីកិត្តិយសជាតិមួយ តែពួកគាត់ហាត់បែកតែញើសទេ ក៏ប៉ុន្ដែសម្រាប់បងប្អូនកងទ័ព ពួកគាត់លះបង់ខ្ពស់ណាស់ ដើម្បីការពារបូរណភាពទឹកដី ។ នេះជាចំណុចមួយ ដែលយើងត្រូវសាមគ្គីគ្នា និងបង្ហាញបងប្អូនកងទ័ពជួរមុខកំពុងត្រៀមការពារមិនឲ្យសត្រូវមកឈ្លានពានទឹកដីកម្ពុជាមួយចង្អាម ឬមួយមីលីម៉ែត្រឡើយ ក្រោមការដឹកនាំ និងការប្ដេជ្ញាចិត្តដ៏មោះមុតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត»។

«ក្នុងនាមពួកយើងជាពលរដ្ឋនៅជួរក្រោយ ពួកយើងមិនព្រងើយកន្ដើយទេ ពួកយើងនឹងខិតខំចូលរួមជាចំណែក ទាំងទឹកចិត្ត និងបេះដូង រួមទាំងធនធាន ដើម្បីជួយ ។ ខ្ញុំបានជម្រាបបងមេបញ្ជាការថា យើងមិនបានបោះបង់បងប្អូនកងទ័ពជួរមុខ ហើយអ្វីដែលបងប្អូននៅសមរភូមិជួរមុខលំបាក ក៏ជាការលំបាករបស់ប្រជាពលរដ្ឋនៅជួរក្រោយដូចគ្នា។ អ៊ីចឹងអ្វីដែលបងប្អូនជួរក្រោយអាចធ្វើបាន គឺការបង្ហាញនូវឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរទាំង ១៧លាននាក់ ឃើញថា ខ្មែររួមគ្នា ហើយក៏បង្ហាញដល់ប្រទេសដែលចង់ឈ្លានពានយើងឃើញថា មិនអាចអ្វីៗអ្នកឯងមករំលោភបំពានលើប្រទេសកម្ពុជាយើងបានឡើយ ហើយក៏បង្ហាញពិភពលោកឲ្យឃើញថា កម្ពុជាសម័យសន្ដិភាព សម័យតេជោ និងសម័យសម្ដេចបវរធិបតី គឺអ្វីៗរស់ដោយខ្លួនឯង ការពារជាតិដោយខ្លួនឯង ហើយមិនឲ្យសត្រូវឈ្លានពានបានជាដាច់ខាត»។ លោក អ៊ូ រតនា បន្ថែម។

គួរដឹងថា ការប្រគល់អំណោយពីដែលទទួលបានពីការចូលរួមរបស់ថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក កីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា និងអំណោយសម្បុរសធម៌ពីសប្បុរសជនមួយចំនួនខាងលើ សម្រាប់នៅទីតាំងទីបញ្ជាការស្រាល មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ដែលជាទីតាំងទទួលបងប្អូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងមានបញ្ហាជម្លៀសមកពីទីសុវត្ថិភាព ត្រូវបានទទួលស្វាគមន៍ពីលោក អ៊ុក គីមសាន និងលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ ។ រីឯនៅទីបញ្ជាការដ្ឋានទ័ពពិសេស (៩១១) ត្រូវបានទទួលស្វាគមន៍ផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស (៩១១)។

សម្រាប់គ្រឿងឧបភោគបរិភោគ ផ្ដល់ជូនទាំង ២ទីតាំងខាងលើ រួមមានទឹកសុទ្ធ ៥០០កេស, មី ៣០០កេសជាង, ក្រមា ១០០ក្រមា, ពងទាប្រៃ ១២០០គ្រាប់, ទឹកប្រទាលកន្ទុយក្រពើ ២០កេស, នំយោធា ២០កេសធំ, ធូបមូស ៥កេស ស្មើ ៦០ប្រអប់, នំស្រួចលីលី ១០កេសធំ, ឆៃប៉ូវ និងត្រសក់ ៧០កញ្ចប់តូច, ត្រសក់ចាវ ១២គីឡូ, បារី ៣កេសធំ និងដែកកេស ១កេស ដែលសរុបជាថវិកាប្រមាណ ១៣,០០០ដុល្លារ៕