(ហ្សាការតា)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រម៉ារ៉ុក លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក ពីថ្ងៃទី ២៤ ដល់ ២៦ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ អគ្គលេខាធិការអាស៊ានគ្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់ និងតួអង្គពាក់ព័ន្ធសំខាន់ៗមួយចំនួន រួមមាន បណ្ដារដ្ឋមន្ត្រីមកពីរដ្ឋាភិបាលម៉ារ៉ុក សហគមន៍ធុរកិច្ច វិស័យឯកជន ផ្នែកសិក្សាធិការ ព្រមទាំងនិស្សិត។

នៅក្នុងអំឡុងពេលស្នាក់នៅរាជធានី Rabat លោកបណ្ឌិត កៅ គឹមហួន នឹងធ្វើបាឋកថានៅវិទ្យាស្ថានបណ្ដុះបណ្ដាល ស្រាវជ្រាវ និងសិក្សាការទូតរបស់ម៉ារ៉ុក (IMFRED) ផងដែរ។ បន្ថែមលើនេះ លោកអគ្គលេខាធិការអាស៊ាន និងជួបជាមួយគណៈកម្មាធិការអាស៊ានប្រចាំទីក្រុង Rabat ដើម្បីធ្វើបច្ចុប្បន្នភាពនៃការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងអាស៊ាន។

ទស្សនកិច្ចផ្លូវការនេះ មានគោលបំណងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូកិច្ចសន្ទនាតាមវិស័យរវាងអាស៊ាន និងម៉ារ៉ុក។