(ភ្នំពេញ)៖ រយៈពេលមួយឆ្នាំនៃបណ្តាញទំនាក់ទំនង CoolApp របស់ខ្មែរ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ CoolApp ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងតាមស្ថាប័នរដ្ឋ និងឯកជនជាច្រើន ស្គាល់និងប្រើប្រាស់រហូតដល់លើសកន្លះលាននាក់ ហើយបន្តកើនឡើងជារៀងរាល់ថ្ងៃ។
រយៈពេល១ឆ្នាំនេះ CoolApp បានធ្វើការ Update App របស់ខ្លួនយ៉ាងច្រើនដង ក្នុងគោលបំណងឲ្យប្រើប្រាស់ងាយស្រួល និងមានមុខងារថ្មីៗ នៅក្នុងនោះ IOS update រហូតដល់ជាង៣៦ដង Android Update ២០ដង និង Desktop version ២៦ដង។
អ្នកប្រើប្រាស់ជាច្រើនរូបបានបង្ហាញអារម្មណ៍របស់គេថា CoolApp ជាបណ្តាញទំនាក់ទំនងរបស់ខ្មែរ ដែលមានសមត្ថភាពខ្លាំងដូចរបស់ App របស់បរទេស ប្រកបដោយថាមពល និងសុវត្ថិភាពបំផុតក្នុងដែននៃប្រទេសកម្ពុជាយើង «ខ្ញុំសូមកោតសរសើរដែលខ្មែរយើងធ្វើបាន ខ្ញុំប្រើប្រាស់ CoolApp ទាក់ទងជាមួយក្រុមគ្រួសារខ្ញុំ និងមិត្តភក្តិខ្ញុំជារៀងរាល់ថ្ងៃ ជាពិសេសបង្ហាញពីជាតិនិយមរបស់ខ្ញុំ ដែលប្រើប្រាស់របស់ខ្មែរយើង»។
CoolApp ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសតាមបណ្តាញសង្គមផ្លូវការរបស់សម្តេច កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ និងប្រកាសឲ្យបងប្អូនខ្មែរទាំងអស់នាំគ្នាប្រើប្រាស់បណ្តាញទំនាក់ទំនងរបស់ខ្មែរ ដើម្បីសុវត្ថិភាពក្នុងដែនសន្តិសុខជាតិរបស់កម្ពុជា។
សូមជំរាបថា នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp សម្រាប់ទំនាក់ទំនងគ្នា ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ និងជាមោទនភាពរបស់ជាតិយើង។
លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញទំនាក់ទំនងសង្គមឆាត CoolApp បានថ្លែងប្រាប់ឲ្យដឹងថា «CoolApp ប្រើប្រាស់មុខងារ end-to-end encryption ធានាថាទិន្នន័យ និងការហៅចេញមានសុវត្ថិភាពបំផុត មានតែអ្នក និងមនុស្សដែលអ្នកកំពុងទាក់ទងជាមួយតែប៉ុណ្ណោះ ដែលអាចអានសារ ឬស្តាប់សម្លេងបាន ពោលគឺគ្មានអ្នកដទៃណាអាចអាន ឬស្តាប់កិច្ចសន្ទនានោះឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏ដោយ»។
លោកអគ្គនាយកបានសង្កត់ធ្ងន់ៗ «ខ្ញុំសន្យាបន្តធ្វើការ Update បច្ចេកវិទ្យា មុខងារថ្មីៗ ធ្វើយ៉ាងណាឲ្យបងប្អូនមានភាពងាយស្រួលប្រើទាំងនៅក្នុងទូរស័ព្ទ និងលើកុំព្យូទ័រ, សូមបងប្អូនទុកចិត្តខ្ញុំចុះ»។
CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស៕