(ភ្នំពេញ)៖ ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធ អនុសេនីយ៍ឯក សួន រ៉ោន ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី ដោយសារការផ្ទុះអាវុធ បង្កឡើងដោយកងទ័ពថៃ ដែលបានបើកការវាយប្រហារមកលើលេណដ្ឋានរបស់កម្ពុជា។
លោក ហ៊ុន ម៉ានី បានលើកឡើងថា «យុវជនយើង ចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរយុទ្ធជនជួរមុខរបស់យើង ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី។ សូមវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។
លោកបានសង្កត់ធ្ងន់ទៀតថា គ្រប់កាលៈទេសៈ ដែលមានការប្រមាថពីបរទេស យុវជនយើងនឹងមិននៅស្ងៀមជាដាច់ខាត៕