(បាត់ដំបង)៖ ការអនុវត្តគម្រោងគំរូនៃការញែកសំណល់ GGI4CE នៅទូទាំងខេត្តបាត់ដំបង បានចាប់ផ្តើមជាផ្លូវការ ក្រោមការគាំទ្រពីក្រសួងបរិស្ថាន និងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ GIZ។ ពិធីប្រកាសនេះបានធ្វើឡើងនៅសាលសន្និសីទមហានគរនៃសាកលវិទ្យាល័យជាតិបាត់ដំបង នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបានខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋាន សាស្រ្តាចារ្យ សិស្ស និស្សិត ជាច្រើននាក់។ កម្មវិធីនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ក្នុងការជំរុញការគ្រប់គ្រងសំណល់រឹងប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅកម្ពុជា ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា-អាល្លឺម៉ង់ រយៈពេលជាង ២៥ឆ្នាំ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមគាំទ្រដល់សកម្មភាពឆ្ពោះទៅកម្ពុជាស្អាត ពីដៃគូអភិវឌ្ឍន៍ អ្នកពាក់ព័ន្ធទាំងអស់។ លោករដ្ឋមន្ត្រី បានថ្លែងថា សហព័ន្ធអាល្លឺម៉ង់ តាមរយៈលោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បាននាំយកបទពិសោធន៍ល្អៗ ក្នុងការគ្រប់គ្រងសំណល់រឹង និងសំរាម មកចែករំលែក ជាមួយប្រជាពលរដ្ឋកម្ពុជា។ បទពិសោធន៍ទាំងនេះ រួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាស្អាត» និងពិតជាឆ្លើយតបនឹងសសរស្ដម្ភ ភាពស្អាត ភាពបៃតង និងចីរភាព នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ចលនា «កម្ពុជាស្អាត» កំពុងរីកសុះសាយនៅទូទាំងប្រទេស ដោយមានប្រជាពលរដ្ឋជាង ២ម៉ឺននាក់ក្នុងមួយថ្ងៃចេញមករើសសំរាមនៅក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ បន្ទាប់ពីរើសសំរាមបានស្អាតហើយ ក្រសួងក៏បានរៀបចំចែកធុងសំរាម ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដើម្បីឱ្យពួកគាត់ញែក និងទុកដាក់សំណល់បានត្រឹមត្រូវ។ កត្តានេះមិនត្រឹមតែជួយសម្រួល ដល់អ្នកកែច្នៃសំរាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយបរិមាណសំរាម ដែលត្រូវចាក់ចោលនៅទីលានផងដែរ។ ជាក់ស្ដែង នៅក្នុងភាពស្អាតលើដីកម្ពុជា យើងបានសម្រេចនូវសមិទ្ធផលដ៏ត្រចះត្រចង់មួយគឺ ការកាត់បន្ថយការនាំចូលថង់ប្លាស្ទិកប្រមាណជាង ៨៤% នៅក្នុងឆ្នាំ២០២៤។ លើសពីនោះក៏មានភាពស្អាតក្នុងទឹក និងខ្យល់ផងដែរ ដែលនេះឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងបរិស្ថានស្អាត និងនិរន្តរភាពសម្រាប់កម្ពុជាទាំងមូល នេះជាប្រសាសន៍សង្កត់ធ្ងន់ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។
កម្ពុជា ផលិតសំរាមប្រមាណ ៤០០លានតោនក្នុងមួយឆ្នាំ។ បាត់ដំបងបង្កើតសំរាម សំណល់រឹង ប្រមាណជា៤៧០តោន ជាមធ្យមប្រចាំថ្ងៃ ស្ថិតនៅលេខរៀងទី៧។ រាជធានីភ្នំពេញ ស្ថិតនៅលេខរៀងទី១ ដែលបង្កើតសំរាម សំណល់រឹង ៣ ៧០០តោន។ រីឯខេត្ត បង្កើតសំរាមតិចជាងគេ គឺកែប ដែលមានតែប្រមាណជា១៥តោនប៉ុណ្ណោះ។
គម្រោង GGI4CE (Green Growth Initiative for Circular Economy) ក្នុងខេត្តបាត់ដំបង គឺជាគំរូដ៏សំខាន់មួយក្នុងការជំរុញ សេដ្ឋកិច្ចចក្រា និងការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព។ តាមរយៈការលើកកម្ពស់ ការញែកសំណល់នៅតាមគ្រួសារ និងការបង្កើនការកែច្នៃឡើងវិញ គម្រោងនេះបានរួមចំណែកយ៉ាងធំធេង ក្នុងការកាត់បន្ថយបរិមាណសំណល់ប្លាស្ទិក ដែលត្រូវយកទៅចាក់នៅទីលានទុកដាក់សំរាម៕