(កែប)៖ វគ្គបណ្តុះបណ្តាលស្តីពី ជំនាញរៀបចំគេហទំព័រ ត្រូវបានមន្ទីរព័ត៌មានខេត្តកែប រៀបចំធ្វើឡើង ជូនដល់មន្រ្តីជំនាញមកពីបណ្តាមន្ទីរនានាជុំវិញខេត្ត និងមន្រ្តីនៃរដ្ឋបាលក្រុង ស្រុក ដើម្បីស្វែងយល់បន្ថែម ស្របតាមយុគសម័យបច្ចេកវិទ្យាដែលកាន់តែរីកចម្រើន រួមទាំងណែនាំឲ្យស្គាល់បណ្តាញសង្គមឆាត CoolApp ដែលបង្កើតដោយកូនខ្មែរ។
វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តកែប ដែលមានការចូលរួមពីសំណាក់ជួរថ្នាក់ដឹកនាំ និងមន្ត្រី មកពីមន្ទីរព័ត៌មានខេត្តកំពតផងដែរ។
លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានលើកឡើងថា ដោយបានការអនុញ្ញាតពីលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ថ្ងៃនេះមន្ទីរព័ត៌មានខេត្តកែប បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញរៀបចំគេហទំព័រនេះឡើង ក្នុងគោលបំណងឲ្យបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកែប បានយល់ដឹងពីអត្ថប្រយោជន៍នៃគេហទំព័រ ការបង្កើតគេហទំព័រ ការប្រើប្រាស់ប្រព័ន្ធ AI យល់ដឹងពីប្រព័ន្ធសុវត្ថិភាពក្នុងការប្រើប្រាស់បណ្ដាញសង្គម និងស្វែងយល់ពីប្រព័ន្ធទំនាក់ទំនងសង្គម CoolApp ដែលបង្កើតដោយកូនខ្មែរជាដើម។
លោកប្រធានមន្ទីរ បានបន្តថា ការលើកយកនូវវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីជាទុនឲ្យមន្រ្តីស្នូលតាមបណ្តាមន្ទីរនានា ក៏ដូចជាមន្រ្តីស្នូលនៃរដ្ឋបាលក្រុងស្រុក យកទៅអនុវត្ត និងផ្សព្វផ្សាយអំពីសកម្មភាពអង្គភាពរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធិភាព និងដើម្បីចូលរួមផ្សព្វផ្សាយគ្រប់សកម្មភាពរបស់ថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ខេត្ត និងការអភិវឌ្ឍគ្រប់វិស័យនៅក្នុងខេត្ត ក្រោមការដឹកនាំរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។
ឆ្លងកាត់តាមរយៈគ្រូឧទ្ទេស ដែលបានធ្វើការបកស្រាយ និងសំនួរចម្លើយ សិក្ខាកាមម្នាក់ៗ បានសម្តែងការយកចិត្តទុកដាក់ខ្ពស់ ជាមួយវគ្គបណ្តុះបណ្តាលខាងលើ ដែលនេះបង្ហាញពីប្រសិទ្ធភាពនៃការរៀបចំ របស់មន្ទីរព័ត៌មានខេត្ត៕