(ព្រះវិហារ)៖ សម្តេចព្រះពោធិវង្ស ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បាននិមន្តយាង និងអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ១,២៧០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត ជា សិរី បានថ្លែងនាំនូវផ្ដាំផ្ញើសាកសួរសុខទុក្ខសេចក្តីនឹករលឹក និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល តែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរបស់ប្រជាជនដែលរស់នៅតាមបណ្តាយព្រំដែន។
លោកស្រីបណ្ឌិត បានថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមរក្សាសុខភាព ធ្វើអនាម័យជាប្រចាំ ដូចជាការហូបស្អាត ផឹកស្អាត ពិសេសសម្រាកក្នុងមុង ឲ្យបានត្រឹមត្រូវជៀសវាងជំងឺគ្រុនឈាម ដែលបណ្តាលមកពីមូសខាំ និងជំងឺដង្កាត់ផ្សេងៗទៀតដែលកើតចេញពីការមិនរក្សាអនាម័យជាប់ជាប្រចាំ។
ដោយឡែក លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ តំណាងប្រជាពលរដ្ឋទាំងអស់ ដែលបានមកស្នាក់នៅបណ្តោះអាសន្នវត្តពោធិ៍៥០០០ដើម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចព្រះសង្ឃនាយករង និងលោកស្រីបណ្ឌិត ជា សិរី ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកឧបត្ថម្ភអំណោយដ៏មានតម្លៃនេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងទឹកចិត្តសប្បុរសធម៌ដ៏ឧត្តុង្គឧត្តម។
លោកអភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការរួបរួមគ្នាក្នុងសង្គម ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។
អំណោយដ៏ថ្លៃថ្លា ដែលបានចែកជូនដល់ប្រជាពលរដ្ឋនាពេលនេះ រួមមាន៖ អង្ករ ចំនួន២០តោន, ទឹកត្រី ១០០យួរ, ទឹកស៉ីអ៉ីវ១០០យួរ, អំបិល ១,០០០គីឡូក្រាម, មី ២០០កេស, ពងមាន់ ១០,០០០គ្រាប់ និងថវិកាចំនួន ១០០,០០០រៀលក្នុងមួយគ្រួសារ៕