(ភ្នំពេញ)៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តប្រវេសន៍បានចេញសេចក្តីបំភ្លឺមួយ ពាក់ព័ន្ធនឹងករណីថាមានការចាប់ជម្រិតឈ្មោះ ជាង ធីយ៉ាង (CHENG CHI GIAN) ភេទប្រុស កើតថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៦៣ ជនជាតិបារាំងកាន់លិខិតឆ្លងដែនបារាំងលេខ 17FV26387 និងអត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ លេខ ០១០៤៨៧៥៧៩(០១) ដោយឡែកនៅក្នុងពេលថ្មីៗនេះ កូនស្រីរបស់ឈ្មោះ ជាង ធីយ៉ាង បានចេញនូវលិខិត និងវីដេអូសុំទោស ព្រមទាំងបានបកស្រាយពីបញ្ហានេះផងដែរ។

កូនស្រីរបស់ជាង ធីយ៉ាង ដែលមានឈ្មោះថា Stéphanie Cheng បានចេញនូវលិខិត និងវីដេអូ សម្ដែងពីការសុំទោស ដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមត្ថកិច្ចកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាដែលបានកើតឡើងចំពោះឪពុករបស់គាត់។

ក្នុងលិខិតបានបញ្ជាក់ថា ក្នុងនាមគាត់ជាកូនស្រី និងក្រុមគ្រួសាររបស់ ឈ្មោះ ជាង ធីយ៉ាង នឹងអនុវត្តតាមនីតិវិធីច្បាប់របស់ព្រះរាជាណាកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់ របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការជឿជាក់លើការអនុវត្តនីតិវិធីរបស់កម្ពុជា។

ក្នុងនោះដែរ ក្រុមគ្រួសាររបស់ឈ្មោះ ជាង ធីយ៉ាង បានថ្លែងអំណរគុណដល់សមត្ថកិច្ចកម្ពុជាក្នុង ការសម្របសម្រួល និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់៕