(ភ្នំពេញ)៖ អំណោយមីជាតិចំនួន ១១៥កេស ត្រូវបានលោក សៅ សារ៉ុន ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន វី ហ្គូ អាប់ ឯ.ក បាននាំយកមកប្រគល់ជូនដល់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកជាមួយក្រសួងព័ត៌មាន ក្នុងកិច្ចការងារមនុស្សធម៌ជាពិេសសទុកសម្រាប់លោករដ្ឋមន្រ្តី យកទៅចែកជូនដល់បងៗកងទ័ពជួរមុខ និងចែកជូនដល់បងប្អូនប្រជាពលរដ្ឋ គ្រួសារ កូនចៅកងទ័ពដែលបានជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែន មកកាន់ទីតាំងសុវត្ថិភាពក្នុងខេត្តព្រះវិហារ ។

នាឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកប្រធានក្រុមហ៊ុន វី ហ្គូ អាប់ ឯ.ក ដែលបានឧបត្ថម្ភមីជាតិចំនួន ១១៥កេស មកក្រសួងព័ត៌មាន ទុកសម្រាប់យកទៅចែកជូនកងទ័ពជួរមុខ នៅតំបន់ប្រាសាទព្រះវិហារ ដែលជាការបង្ហាញនូវទឹកចិត្តចូលរួមចំណែកជាថាមពលជំរុញលើកទឹកចិត្កដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈរួចជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជាពិតជារឹងមាំហើយកាន់តែខ្លាំងក្លាបំផុត។

ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ថ្នាក់ដឹកនាំក្រុមហ៊ុន វី ហ្គូ អាប់ ឯ.កបានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការយកចិត្តទុកដាក់ដល់ជីវភាពរបស់ កងទ័ពជួរមុខ និងប្រជាពលរដ្ឋ ជាពិសេសគឺក្នុងសកម្មភាពចូលរួមរួមចំណែកដ៏សំខាន់លើកិច្ចគាំពារ និងការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន។

នៅក្នុងឱកាសនេះដែរ តំណាងក្រុមហ៊ុន វី ហ្គូ អាប់ ឯ.ក បានបង្ហាញនូវទឹកចិត្តរីករាយដែលបានចូលរួមក្នុងសកម្មភាពការងារមនុស្សធម៍ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត័មាន ពិសេសសម្រាប់អំណោយជា មីជាតិទាំងអស់នេះនឹងត្រូវយកទៅចែកជូនដល់បងៗកងកម្លាំងដែរឈរជើងនៅជួរមុខ ក្នុងខេត្តព្រះវិហារ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕