(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Dato Sri Tiong King Sing រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពី ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសទាំងពីរ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Shangri-La។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីកម្ពុជា និងម៉ាឡេស៊ី បានឯកភាពពី សារៈសំខាន់របស់វិស័យទេសចរណ៍ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ព្រមទាំងបានសំដែងនូវក្តីសោមន្សពីលទ្ធភាពដ៏ល្អ និងគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិទេសចរណ៍កន្លងមក។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការរៀបចំព្រឹត្តការណ៍ទេសចរណ៍ធំៗ និងទាក់ទាញៗ រួមគ្នា ការជំរុញឱ្យមានជើងហោះហើរត្រង់ រវាងតំបន់ទេសចរណ៍នៃប្រទេសទាំងពីរឱ្យបានច្រើន ទៀងទាត់ និងជាប្រចាំ ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ រួមទាំងការប្រឹក្សាយោបល់លើការរៀបចំទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) និង ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) សម្រាប់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍ ដើម្បីជំរុញឱ្យមានកំណើនទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសទាំងពីរកាន់តែច្រើនឡើង។

ក្នុងជំនួបនេះដែរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ម៉ាឡេស៊ី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកពូនជ្រំកិច្ចសហប្រតិបត្តិទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែរីកលូតលាស់ ព្រមទាំងជាកត្តាដែលជួយទាក់ទាញទំនុកចិត្តវិនិយោគិន និងទេសចរម៉ាឡេស៊ីមកទស្សនា និងស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង ជាពិសេសការសម្រេចបាននូវការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុង Penang ដែលជាទីក្រុងពាណិជ្ជកម្មដ៏ធំៗ និងសំខាន់របស់ប្រទេសម៉ាឡេស៊ី៕