(ភ្នំពេញ)៖ នៅចំពោះអ្នកវិនិយោគបរទេសមកពីបណ្ដាប្រទេសនានាលើពិភពលោក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងដោយការលើកទឹកចិត្តខ្ពស់ និងសូមឲ្យអ្នកវិនិយោគទាំងអស់ជ្រើសរើសកម្ពុជា ដើម្បីធ្វើការវិនិយោគកិច្ចការផ្សេង។

ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គីឆ្នាំ២០២៥ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញា ក្នុងការរក្សាស្ថិរភាពនយោបាយ និងលំនឹងដល់អ្នកវិនិយោគ ដើម្បីបន្ដឱកាសរកស៉ីបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តក្នុងការធានានូវការរកដំណោះស្រាយឲ្យបានក្នុងកិច្ចការងារពាក់ព័ន្ធព្រំដែន ដើម្បីរក្សាសុខសន្ដិភាព ស្ថិរភាពនៅក្នុងប្រទេសទាំងពីរ ក៏ដូចជាប្រទេសក្នុងតំបន់។ តាមរយៈការលើកទឹកចិត្តទាំងអស់ ខ្ញុំសង្ឃឹមថា អ្នកវិនិយោគទាំងអស់នឹងសម្រេចចិត្តបន្ដធ្វើការវិនិយោគនៅកម្ពុជា»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សម្រាប់វិនិយោគិនដែលកំពុងស្វែងរកឱកាសនៃការវិនិយោគ សូមជ្រើសរើសកម្ពុជាដើម្បីជាទីតាំងនៃការវិនិយោគរបស់ខ្លួន និងតភ្ជាប់ខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ជាមួយបណ្ដាប្រទេសផ្សេងៗលើពិភពលោក។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា បរិយាកាសដ៏អំណោយផលនេះ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឲ្យការវិនិយោគ, ទាំងក្នុង និងក្រៅប្រទេស ទទួលបានផ្លែផ្កាគាប់ប្រសើរ តាមរយៈគោលនយោបាយវិនិយោគ ប្រកបដោយភាពបត់បែន ជាមួយនឹងការលើកទឹកចិត្ត និងការការពារដល់ផលប្រយោជន៍វិនិយោគិន៕