(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តថែរក្សា ការពារសន្តិភាព និងស្ថិរភាពពេញលេញទោះក្នុងតម្លៃណាក៏ដោយ។ ទន្ទឹមនឹងការរក្សាបាននូវសន្តិភាព និងស្ថិរភាព, រាជរដ្ឋាភិបាលបន្តគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងការអភិវឌ្ឍធនធានពលកម្មវ័យក្មេង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដែលនឹងជួយគាំទ្រដល់ផលិតកម្មនានាបានយ៉ាងសកម្ម និងមានប្រសិទ្ធភាពផងដែរ។

ប្រសាសន៍របស់សម្ដេចធិបតី បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាធិបតីភាព ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គី នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះថា៖ «មិត្តទាំងអស់ អាចយល់ដឹងអំពីស្ថិរភាព និងសន្តិភាពនៅកម្ពុជា ហើយទោះជាមានបញ្ហាខ្លះៗនៅព្រំដែន កំពុងតែកើតមានរាជរដ្ឋាភិបាល ក៏ប្ដេជ្ញាចិត្ត នៅក្នុងការធានានូវការរកដំណោះស្រាយឱ្យបាន នៅក្នុងកិច្ចការងារព្រំដែននេះ ដើម្បីថែរក្សាសុខសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសទាំង២ ក៏ដូចជាប្រទេសនៅក្នុងតំបន់»

ទន្ទឹមគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសង្ឃឹមថា៖ «ខ្ញុំសង្ឃឹមថា អ្នកវិនិយោគមិត្តទាំងអស់ នឹងបន្តមានការសម្រេចចិត្តធ្វើការវិនិយោគបន្តនៅកម្ពុជា ហើយអ្នកវិនិយោគដែលទើបតែមក ដើម្បីស្វែងរកឱកាស ក្នុងការវិនិយោគនៅកម្ពុជានាពេលនេះ ក៏សង្ឃឹមថា នឹងអាចជ្រើសរើសកម្ពុជាយើង នៅក្នុងការវិនិយោគ និងតភ្ជាប់ នូវខ្សែចង្វាក់ផលិតកម្មរវាងកម្ពុជា និងប្រទេសផ្សេងៗនៅលើពិភពលោក»

សូមជម្រាបថា យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៥នេះ គម្រោងវិនិយោគចំនួន២៩០គម្រោង ត្រូវបានអនុម័ត ក្នុងទុនវិនិយោគប្រមាណ ៤,២ពាន់លានដុល្លារអាមេរិក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤, ចំនួនគម្រោងបានកើនឡើងចំនួន ១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ១,៤ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៥២%។

ដោយឡែកបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,៩៥លាននាក់ កើនឡើង១១,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទាំងអស់នេះសបញ្ជាក់ថា ប្រទេសកម្ពុជា នៅតែមានសកក្កដានុលយ៉ាងសម្បូរបែបក្នុងការទទួលអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា ជាមួយនឹងភាពប្រាកដប្រជា នៃស្ថិរភាពនយោបាយ និងសន្តិភាព៕