(បាងកក)៖ សម្ព័ន្ធនៃក្រុមសកម្មជនថៃ នៅថ្ងៃសុក្រនេះបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ទាមទារឲ្យនាយករដ្ឋមន្ត្រី លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) លាលែងពីតំណែងភ្លាមៗ ដោយចោទប្រកាន់លោកស្រីថា ធ្វើឲ្យប៉ះពាល់អធិបតេយ្យភាពជាតិ និងប្រឆាំងផលប្រយោជន៍ប្រទេស។ សម្ព័ន្ធនេះក៏បានប្រកាសពីផែនការធ្វើបាតុកម្មនៅថ្ងៃទី២៨ ខែមិថុនាខាងមុខផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation។
ការទាមទារនេះ កើតឡើងក្រោយការបែកធ្លាយខ្សែអាត់សំឡេង ដែលគេអះអាងថាជាការសន្ទនាឯកជនរវាងលោកស្រីនាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលក្នុងនោះមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ត្រូវបានហៅថាជា «ភាគីប្រឆាំង»។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងបាងកក សកម្មជន និងជាមេធាវី លោក និតធិថន ឡាំលឿ (Nitithorn Lamlua) បានរិះគន់លោកស្រីនាយករដ្ឋមន្ត្រីថា អសមត្ថភាព និងបានអះអាងថា សកម្មភាពរបស់លោកស្រីអាចរំលោភលើក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងបទល្មើសប្រឆាំងនឹងសន្តិសុខខាងក្រៅរបស់រដ្ឋ ក៏ដូចជាជំពូកទី៥ នៃរដ្ឋធម្មនុញ្ញ ស្ដីពីកាតព្វកិច្ចរបស់រដ្ឋ។
ជាមួយគ្នានេះ លោក ប៉ាន់ទេព ពួពង្សប៉ាន់ (Panthep Puapongpan) តំណាងអតីតមេដឹកនាំសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ បានសង្កត់ធ្ងន់ថា ខ្សែអាត់សំឡេងនេះបង្ហាញពីការសហការគ្នារវាងលោកស្រី ផែថុងថាន និងសម្តេច ហ៊ុន សែន ដែលគំរាមកំហែងស្វ័យភាពថៃ ដោយអំពាវនាវឲ្យអ្នកស្នេហាជាតិរួបរួមបដិសេធជនក្បត់ជាតិ។
គួរបញ្ជាក់ថា ការអំពាវនាវឲ្យមានការលាលែងតំណែងនេះ គឺជាការកើនឡើងចុងក្រោយបង្អស់នៃវិបត្តិនយោបាយនៅក្នុងប្រទេសថៃ ដែលបានចាប់ផ្តើមក្រោយការបែកធ្លាយខ្សែអាត់សំឡេង និងបាននាំឲ្យគណបក្ស Bhumjaithai ប្រកាសដកខ្លួនចេញពីសម្ព័ន្ធរដ្ឋាភិបាលរួចទៅហើយ៕