(ឧត្តរមានជ័យ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះជួបសំណេះ សំណាលសួរសុខទុក្ខ និងប្រគល់ថវិកា ព្រមទាំងសម្ភារៈជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលជាកងទ័ពឈរជើងជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីបញ្ជាការទិសទី៣ យោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ។
ពិធីក៏មានការចូលរួមពីឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ។
នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវអំណរគុណ និងរំលឹកបង្ហាញនូវការគោរពនូវវីរភាពនៃវីរយុទ្ធជនការពារជាតិទាំងអស់ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិទាំងយប់ទាំងថ្ងៃ យ៉ាងអង់អាចក្លាហានជាទីបំផុត ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ ពិសេសការអនុញ្ញាតឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមដើម្បីបង្ហាញពីការគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈដោយឥតងាករេនាឱកាសនេះ គឺជាសក្ខីភាពនៃការផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ រួមជាតិរួមឈាមជាមួយគ្នា។
រាជរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងប្រកបដោយសន្តិវិធី ព្រមទាំងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ព ទាំងប្រជាជនទូទាំងប្រទេស ដោយគោរពអធិបតេយ្យរបស់ប្រទេសជិតខាង ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតនូវការគំរាមកំហែង ឬការប៉ុនប៉ងរំលោភឈ្លានពានណាមួយឡើយ។ យើងប្តេជ្ញាចិត្តគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលនូវគ្រប់មធ្យោបាយ គ្រប់រូបភាព ដើម្បីធានាថាយើងទាំងអស់គ្នា រួមគ្នាជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើង ទោះជាក្នុងតម្លៃណាមួយក៏ដោយ៕