(កំពង់ចាម)៖ ដោយមានការចង្អុលបង្ហាញពីលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៥ សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម បានសហការជាមួយមន្ទីរសម្រាកព្យាបាល ស្គន់ បានចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនមន្ត្រីពន្ធនាគារខេត្តកំពង់ចាមចំនួន ១២៣នាក់ ។
ពិធីនេះក៏មានកាអញើញចូលរួមពីសំណាក់លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងឧត្តមអាគារនុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ហួន សំអាត ប្រធានមន្ទីរសម្រាកព្យាបាល ស្គន់ និងក្រុមការងារ ព្រមទាំងលោកអនុប្រធាន លេខាធិការ សមាជិក សមាជិកាសមាគមជាច្រើនរូបទៀត។
គួរបញ្ជាក់ថា កម្មវិធីនេះចាប់ផ្តើមនៅម៉ោង ៨:៣០នាទីព្រឹក រហូតដល់ម៉ោង១២:០០ ថ្ងៃត្រង់ ដោយបានពិនិត្យពិគ្រោះ និងផ្តល់វ៉ែនតា ចំនួន ៩៦នាក់។ ដោយឡែកអ្នកដែលមានអាការៈជំងឺភ្នែកធ្ងន់ធ្ងរ ដែលត្រូវធ្វើការវះកាត់ ក្រុមការងារបានចេញបង្កាន់ដៃជូនដើម្បីបងប្អូនអញ្ជើញទៅវះកាត់ និងព្យាបាល នៅមន្ទីរសម្រាកព្យាបាល ស្គន់ ដោយឥតគិតថ្លៃ ដោយបង្កាន់ដៃមានសុពលភាពរយៈពេល ៣០ថ្ងៃ៕