(ភ្នំពេញ)៖ លោក ជា កុសល រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារនៃ អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងមន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូមកពីមហាវិទ្យាល័យ Chongqing City Vocational College ដែលមានការសម្របសម្រួលដោយលោកស្រី ហេង សុគន្ធី ប្រធានសមាគមផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិន នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។
នៅក្នុងកិច្ចជំនួបនោះ គណៈប្រតិភូចិនបានជម្រាបពីគោលបំណងនៃដំណើរទស្សនកិច្ចនិងកិច្ចប្រជុំ ដោយធ្វើការណែនាំ និងធ្វើបទបង្ហាញទៅលើគម្រោងសហប្រតិបត្តិការរបស់ខ្លួន និងពិភាក្សាផ្លាស់ប្តូរយោបល់និងសិក្សាអំពីសមិទ្ធិលទ្ធភាពនៃប្រវត្តិគម្រោង និងផែនការអនាគត ក៏ដូចជាចែករំលែកនូវសមិទ្ធិលទ្ធភាព និងបទពិសោធក្នុងការអភិវឌ្ឍទេពកោសល្យ ជំនាញ ការអភិវឌ្ឍប្រព័ន្ធវិញ្ញាបនបត្រជំនាញ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ព្រមជាមួយគ្នានោះ គណៈប្រតិភូចិនក៏បានបញ្ជាក់ពីគោលជំហរក្នុងការជំរុញបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាអាទិ៍លើការបណ្តុះបណ្តាលទៅលើជំនាញរថយន្ត EV ការផ្តល់ឧបករណ៍សម្ភារៈសិក្សា ការផ្លាស់ប្តូរការសិក្សាទៅវិញទៅមក និងមានបំណងបង្កើតមជ្ឈមណ្ឌលបញ្ជាក់ជំនាញវិជ្ជាជីវៈទៅថ្ងៃអនាគត។
ជាការឆ្លើយតប លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះការជ្រើសរើសកម្ពុជាជាគោលដៅមួយក្នុងការជំរុញ កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួន និងបានលើកទឹកចិត្តឱ្យភាគីចិន និងសមាគមដៃគូ ក្នុងការផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិន និងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញរបស់ក្រសួងដើម្បីកំណត់ឱ្យកាន់តែច្បាស់នូវ វិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងបានលើកទឹកចិត្តចំពោះការពិនិត្យលទ្ធភាពនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាដែលអាចបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅទៅថ្ងៃអនាគតផងដែរ៕