(រតនគិរី)៖ ក្រសួងទេសចរណ៍បើកវេទិកាអេកូទេសចរណ៍កម្រិតបច្ចេកទេសនៅខេត្តរតនគិរី។ វេទិកានេះត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំភោជនីយដ្ឋានរតនៈលីណា ខេត្តរតនគិរី ក្រោមអធិបតីភាពលោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាន (គ.ជ.អ.អ) និងលោក សាម សុជាង អភិបាលរងខេត្តរតនគិរី។
វេទិកានេះមានការរអញ្ជើញចូលរួម ពីសំណាក់ អភិបាលរងខេត្តមណ្ឌលគិរី, ក្រចេះ, ស្ទឹងត្រែង, ត្បូងឃ្មុំ និងកំពង់ចាម ព្រមទាំងតំណាងសហគមន៍ទេសចរណ៍ខេត្តព្រះវិហារ, កំពង់ធំ និងខេត្តឧត្តរមានជ័យ, ប្រធានមន្ទីរពាក់ព័ន្ធមួយ ចំនួនខេត្តរតនគិរីលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ និងមន្ត្រីជំនាញ នៃមន្ទីរទេសចរណ៍ខេត្តទាំង៩,លោក-លោកស្រី ជាប្រតិបត្តិករ សហគមន៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកផលិតមាតិកា ទេសចរណ៍ (Influencer) យុវជនស.ស.យ.ក យុវជនស.យ.ស.ស សរុបជាង ២០០នាក់។
បន្ទាប់ពីលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ធ្វើបទបង្ហាញស្តីពី លទ្ធផលការងារ អភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ព្រមទាំងទិសដៅអនុវត្តបន្ត របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី រួចមក លោកសាម សុជាង អភិបាលរងខេត្តរតនគិរី បានលើកឡើងថា ខេត្តរតនគិរី ជាខេត្តដំបូងគេដែលបានចងក្រងសហគមន៍អេកូទេសចរណ៍ បឹងយក្សឡោមនៅក្នុងឆ្នាំ១៩៩៦ និងបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើត និង បង្កើនឱកាសការងារនិងមុខរបរ, ប្រាក់ចំណូល, កាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល និងជំរុញការនាំចេញនៅនឹងកន្លែង, ទាក់ទាញការ
វិនិយោគ, ការអភិរក្ស វប្បធម៌ ប្រវត្តិសាស្ត្រ, ការការពារធនធានធម្មជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។
បច្ចុប្បន្ននេះខេត្តរតនគិរី មានតំបន់រមណីយដ្ឋាន និងតំបន់សក្តានុពលទេសចរណ៍ចំនួន ២២ កន្លែង ដែល គ្រប់គ្រងដោយសហគមន៍ និងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ និងលើកកម្ពស់គុណភាពដើម្បីទទួល ភ្ញៀវទេសចរជាតិ និងអន្តរជាតិគ្រប់រដូវកាល។
អភិបាលរងខេត្តបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងការខិតខំប្រឹងប្រែងសហការគ្នាពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ប្រទេសដៃគូ និងអង្គការជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានធ្វើឱ្យវិស័យទេសចរណ៍ ងើបឡើងវិញជាបណ្តើរៗ ចាប់ពីឆ្នាំ២០២២មក បើទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ នៅបន្តមានឥទ្ធិពលនៅ ឡើយ។
ម្យ៉ាងវិញទៀតក្រោមការដឹកនាំរបស់ លោកញ៉ែម សំអឿនអភិបាលខេត្ត បានយក ចិត្តទុកដាក់ខ្ពស់ទៅ លើវិស័យទេសចរណ៍ ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ជាពិសេសនៅតំបន់ជុំវិញបឹង កន្សែងដែលមានសម្បទាទេសចរណ៍សំខាន់ៗ សួនច្បារ សួនកម្សាន្ត ដើម្បីលើកកម្ពស់នូវសោភណ្ឌភាព និងភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តខេត្តរតនគិរី។
ជាក់ស្តែងក្នុងឆ្នាំ២០២៤ កន្លងទៅខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរសរុបមានចំនួន ៣២៦,៦៧៤ នាក់ កើនឡើង៨.៥៦% ប្រៀប ធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួនសរុប ៣១៤,៨៣១ នាក់ កើនឡើង ៧.៤២%។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួនសរុប ១១,៨៤៣ នាក់ កើនឡើង ៥១.៥៤%។
ថ្លែងក្នុងវេទិកានេះ លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជា ប្រធានលេខាធិការដ្ឋាន (គ.ជ.អ.អ) បានលើកឡើងថា វេទិកាអេកូទេសចរណ៍កម្រិតបច្ចេកទេស នៅខេត្តរតនគិរីនាពេលនេះធ្វើឡើងក្រោមប្រធានបទ៖ «សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍»។
វេទិកានេះ ជាឱកាសនៃការជួបជុំដ៏សំខាន់មួយ ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន រួមជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងបងប្អូនប្រជាសហគមន៍មកពីបណ្តាខេត្តទូទាំង៩ ដើម្បីពិភាក្សាអំពីការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍តាមរយៈយន្តការស្ថាប័នមួយក្រោមចំណុះគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) ។
លោកបន្តថា តាមរយៈបទបង្ហាញរបស់មន្ទីរទេសចរណ៍រតនគីរី ដែលបានបង្ហាញពីនីតិវិធីក្នុងការវាយតម្លៃ ស្តង់ដាសហគមន៍ ដែលជាធាតុចូលដ៏មានសារៈសំខាន់ក្នុងការ វាស់វែងប្រសិទ្ធភាព និងប្រសិទ្ធផល ការងារតាមចង្កោមសកម្មភាពដែលបានគ្រោងទុក ដើម្បីសម្រេចបាននូវចក្ខុ វិស័យ គោលបំណង និងគោលដៅ ដែលបានដាក់ចុះផងដែរ។លោកសង្ឃឹមយ៉ាងមុតមាំថា អស់លោក លោកស្រី អ្នកនាងកញ្ញា នឹងជ្រាបកាន់ តែច្បាស់អំពីសារៈសំខាន់នៃស្តង់ដាអេកូទេសចរណ៍សម្រាប់រដ្ឋបាលរាជធានីខេត្ត ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ និងមន្ទីរជំនាញពាក់ព័ន្ធនឹងរួមគ្នាបន្តអនុវត្ត និងសូមមន្ទីរទេសចរណ៍ខេត្តទាំងអស់ មេត្តាពង្រឹងការអនុវត្តអេកូទេសចរណ៍ខេត្ត ស្តង់ដា ផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងបន្តរៀបចំប្លង់គោលអភិវឌ្ឍ រមណីយដ្ឋាន ទេសចរណ៍សំខាន់ៗក្នុងខេត្តឲ្យបានល្អប្រសើរ សំដៅពង្រឹងយន្តការគ្រប់គ្រង និងទាក់ទាញវិនិ យោគទុនឲ្យបានកាន់តែច្រើនបន្ថែមទៀត៕