(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានថែ្លងថា សូមវិនិយោគិន និងធុរជនទាំងអស់ទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុង «វេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិ» ដែលបានរៀបចំឡើងដោយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCAI) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន សមាជិកសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា វិនិយោគិន ធុរជន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ៤០០នាក់ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រកោះពេជ្រ។
ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត លើកឡើងថា សភាពការណ៍ក្នុងតំបន់ និងសកល ដែលបានកើតឡើងកន្លងមកនេះ ច្បាស់ជាបានបង្កើតនូវក្តីព្រួយបារម្ភពីគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងចំណោមវិនិយោគិន ក៏ដូចជាវិស័យឯកជនជារួម អំពីសក្តានុពលនៃការធ្វើពាណិជ្ជកម្ម និងអាជីវកម្មទាំងក្នុងប្រទេសកម្ពុជា និងជុំវិញសកលលោកទាំងមូល។
ក្នុងនោះ ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ, ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការរីកធំឡើងនៃសង្គ្រាមនៅមជ្ឈិមបូព៌ា ធ្វើឱ្យក្តីសង្ឃឹមចំពោះការវិលត្រឡប់មកវិញនូវសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចសកលកាន់តែឃ្លាតឆ្ងាយទៅជាងមុន។
ជាមួយគ្នានេះ ភាពលម្អៀងជ្រុលនិយមទៅរកការប្រជែងគ្នា ជាជាងសហប្រតិបត្តិការគ្នា ភាពមិនច្បាស់លាស់នៃគោលជំហរការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចមួយចំនួន បញ្ហាពន្ធគយបដិការដែលនាំឱ្យមានបញ្ហាពាណិជ្ជកម្មជុំវិញពិភពលោក ក៏បង្កើតជាក្តីបារម្ភមួយកម្រិតទៀតចំពោះសេរីភាពពាណិជ្ជកម្មជុំវិញពិភពលោក។
ក្នុងកាលៈទេសៈនេះ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ បានគូសបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ទាំងមូលក្នុងការបន្តថែ រក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចក្នុងប្រទេស ព្រមទាំងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់ ដើម្បីធ្វើយ៉ាងណាដើម្បីធានានិរន្តរភាពនិងវឌ្ឍនផាពនៃសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាមួយគ្នានេះ ខ្ញុំក៏សូមគូសរំលេចអំពីទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់យក និងបន្តប្រកាន់យកទៅមុខទៀត នូវគោលនយោបាយគាំទ្រធុរកិច្ច (pro-business policy) ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល។ ដូចនេះ សូមវិនិយោគិន និងធុរជនទាំងអស់ទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា ប្រឈមនានាទាំងក្នុងនិងក្រៅប្រទេស ដូចបានគូសបញ្ជាក់ខាងលើ ក៏ដូចជាការធានាបរិយាកាសធុរកិច្ច ដែលមានភាពអនុគ្រោះសម្រាប់ធុរកិច្ច និងអាជីវកម្មគ្រប់ប្រភេទ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានចែករំលែកនូវទស្សនាទាន និងអនុសាសន៍ សំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងដើម្បីត្រៀមខ្លួនទាញយកកាលានុវត្ដភាព និងទាក់ទាញការវិនិយោគមកកាន់កម្ពុជាឱ្យបានជាអតិបរមា ជូនអង្គវេទិកាចំនួន ៤ ចំណុច ដូចខាងក្រោម៖
*ទី១៖ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCAI) ត្រូវបន្ដបេសកកម្មរបស់ខ្លួនក្នុងការជំរុញ លើកកម្ពស់ និងផ្សព្វផ្សាយសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា ដូចដែលបានធ្វើកន្លងមកក៏ដូចជាការរៀបចំព្រឹត្តិការណ៍ និងវេទិកាធុរកិច្ច, ការរៀបចំកម្មវិធីតាំងពិព័រណ៍, ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិនិយោគិនជាតិ និងអន្តរជាតិ, ការចូលរួមក្នុងការងារសង្គម និងសកម្មភាពសប្បុរសធម៌, និងជាពិសេស ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជារចនាសម្ព័ន្ធ និងការដ្ឋានកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល។ វិស័យឯកជន គឺជាដៃគូដ៏យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលផ្អែកលើការបន្ស៊ីគ្នានៃអភិក្រមពីរបែប (Two-Tier Approach) ពោលគឺ អភិក្រមពីលើចុះក្រោម (Top-down) ដែលដឹកនាំដោយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជារួម និង អភិក្រមពីក្រោមឡើងលើ ដែលអនុញ្ញាតឱ្យវិស័យឯកជន និងទីផ្សារកំណត់ ដើម្បីស្វែងរក និងកំណត់ភាពខ្លាំងនិងភាពប្រកួតប្រជែងរបស់ខ្លួន ហើយទទួលការគាំទ្រសមស្របពីតួអង្គពាក់ព័ន្ធ។
*ទី២៖ ការសម្របសម្រួលការប្រើប្រាស់ធនធាន ទាំងមូលធនសង្គម និងមូលធនមនុស្ស (Social and Human Capital) ព្រមទាំងធនធានហិរញ្ញវត្ថុ នៅគ្រប់កម្រិតរវាងរដ្ឋាភិបាល និងវិស័យឯកជន គឺជាកត្តាចាំបាច់ ដើម្បីធានាបានឧត្តមភាពប្រៀបធៀប (Comparative Advantage) ក្នុងសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាល ត្រូវការកិច្ចសហការរបស់វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីសិក្សាលើនិងដោះស្រាយបញ្ហារាំងស្ទះដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយស្ថាប័នរដ្ឋនឹងដើរតួនាទីស្នូលក្នុងការធានាបរិយាកាសអំណោយ ផលសម្រាប់ធុរកិច្ច និងទីផ្សារ ព្រមទាំងផ្តល់ការគាំទ្រចាំបាច់នានា ដែលមិនខុសជាមួយគោលការណ៍សេដ្ឋកិច្ចទីផ្សារ។
*ទី៣៖ ដើម្បីប្រែក្លាយសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចដែលពឹងផ្អែកលើអតិពលកម្ម ទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនាញនិងមានតម្លៃបន្ថែមខ្ពស់ កម្ពុជាត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មឧស្សាហកម្ម ការធ្វើឌីជីថលូបនីយកម្មសង្គមនិងសេដ្ឋកិច្ច និងអភិបាលកិច្ចល្អ ក្នុងនោះ ការធ្វើពិពិធកម្មសេដ្ឋកិច្ចត្រូវធ្វើឡើងនៅគ្រប់កម្រិត ទាំងក្នុងការជ្រើសរើសដៃគូពាណិជ្ជកម្ម និងផលប័ត្រផលិតផល ដោយត្រូវគិតគូរជាយុទ្ធសាស្រ្ត និងមានតុល្យភាពរវាងសន្តិសុខជាតិ ភាពធន់សេដ្ឋកិច្ច ការគោរពយន្តការទីផ្សារ និងការកំណត់មាគ៌ាវែងឆ្ងាយសម្រាប់កំណើន និងការអភិវឌ្ឍនាពេលអនាគត។ វិស័យឯកជន ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ និងខ្សែច្រវាក់តម្លៃសកល (ទាំងឧស្សាហកម្មអនុគមន៍-Forward Linkages និង ឧស្សាហកម្មប្រតិគមន៍-Backward linkages) ព្រមទាំងអភិវឌ្ឍសមត្ថភាព និងជំនាញ (Upskilling) ជូនដល់កម្មករ និងបុគ្គលិក ដើម្បីឆ្លើយតបនឹងនិន្នាការសកល ព្រមទាំងពង្រឹងស្តង់ដាគុណភាព និងបង្កើនភាពប្រកួតប្រជែង។
*ទី៤៖ សូមសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា សហការជាមួយរាជរដ្ឋាភិបាល ក្នុងការបន្ដជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទាញយកឱកាសនិងផលប្រយោជន៍ឱ្យបាន ជាអតិបរមាពីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទាំងនោះ ដូចជា RCEP, កិច្ចព្រមពៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) និង អារ៉ាប់អេមីរ៉ាត់ ជាពិសេសការធ្វើពិពិធកម្ម ទីផ្សារផលិតផលកាត់ដេរមកទីផ្សារអាស៊ាន, អាស៊ីបូព៌ា, និងតំបន់ផ្សេងទៀត ក្រៅពីអាម៉េរិក និងអ៊ឺរ៉ុប៕