(កែប)៖ គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ មានរយៈពេល៨០ថ្ងៃហើយ ក្រោយក្រសួងព័ត៌មាន បានប្រកាសបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបានធ្វើកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
តបតាមការណែនាំរបស់ថ្នាក់ដឹកនាំ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានបន្តដឹកនាំក្រុមការងារចុះផ្សព្វផ្សាយនូវយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅតាមវិទ្យាល័យ ចំនួន២បន្ថែមទៀត ក្នុងខេត្តកែប រួមមាន៖ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ក្រុងកែប និងវិទ្យាល័យ ហ៊ុន សែន ចំការដូង ស្រុកដំណាក់ចង្អើរ ខេត្តកែប។
លោកស្រី ចាប បូរី ជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ចំការដូង បានលើកឡើងថា បច្ចុប្បន្នការចែកចាយព័ត៌មាន មានភាពទូលំទូលាយ ប្រជាពលរដ្ឋទូទៅ ក៏កាន់តែងាយស្រួលក្នុងការទទួលនូវព័ត៌មានចម្រុះនានា ទាំងព័ត៌មានពិត និងព័ត៌មានមិនពិត។ ពិតណាស់ព័ត៌មានក្លែងក្លាយពិតជាបានបង្កើតផលប៉ះពាល់ ដល់សង្គមជាតិពិតមែន ធ្វើអោយប្រជាពលរដ្ឋរារែកក្នុងការសម្រេចចិត្ត ឬសម្រេចចិត្តខុស។
ជាមួយគ្នានេះលោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានបញ្ជាក់ថា កន្លងមកមន្ទីរព័ត៌មាន បានធ្វើយុទ្ធនាការធំមួយ នៅសាលាខេត្តកែប ដោយមានអ្នកចូលរួមប្រមាណ ជិត៤០០នាក់ ក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដោយយុទ្ធនាការនេះធ្វើឡើងក្រោមទិសស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងបំណងកាត់បន្ថយ ជាអតិបរមា នូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយ ពីលំហព័ត៌មាន ក្នុងសង្គមកម្ពុជាទាំងមូល។
លោកប្រធានមន្ទីរព័ត៌មានខេត្តកែប បន្តថា ក្រៅពីជំរុញឲ្យមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនានា ក្រុមការងារមន្ទីរ នឹងបន្តចុះនៅតាមមូលដ្ឋានទេសចរណ៍ និងបន្តចុះតាមខ្នងផ្ទះពលរដ្ឋបន្ថែមទៀត ដើម្បីបញ្ជ្រាបអោយដល់មជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតែម្តង៕