(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញវិនិយោគិនបរទេស មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនជាស្រេចក្នុងការសហការ។

លោកឧបនាយករដ្ឋមន្ត្រី​បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិ នៅមជ្ឈមណ្ឌសន្និបាត និងពិពរណ៍កោះពេជ្រ រៀបចំដោយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា។

មានកត្តាជាច្រើន ដែលអំណោយផលដល់ការវិនយោគនៅកម្ពុជា ក្នុងនោះ រួមមាន៖ សន្តិភាព ស្ថេរភាពនយោបាយ, ច្បាប់នៃ​ការ​វិនិយោគ និងបរិយាកាសនៃការវិនិយោគមានអំណោយផល, រាជរដ្ឋាភិបាល​ជំរុញការវិនិយោគ, ការផ្សារភ្ជាប់​នៃហេដ្ឋារចនាសម្ព័ន្ធ មានដូចជា​ទឹក ភ្លើង ព្រលានយន្តហោះ ផ្លូវដឹកជញ្ជូនកាន់តែមានភាព​ប្រសើរ​ឡើង, ប្រព័ន្ធហិរញ្ញ​វត្ថុ​មានស្ថិរភាពទាំងប្រាក់រៀល និងដំណើរការ​របស់ប្រព័ន្ធធនាគារ និងប្រព័ន្ធទាំងមូល, ការបង់ពន្ធមានភាពអនុ​គ្រោះ និងធូរស្រាលជាង បើធៀបនឹងប្រទេសដទៃទៀត និងអ្នកវិនិយោគដែលមិនមានសញ្ជាតិកម្ពុជា អាចធ្វើការ​ជួលរយៈពេលវែង។

ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជាត្រៀមខ្លួនខ្លួនជាស្រេចក្នុងការសហការជាមួយវិនិយោគិន។ កម្ពុជារីកចម្រើនជាមួយវិនិយោគិន។ សូមអញ្ជើញមកវិនិយោគនៅកម្ពុជា»

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត ក៏បានចែករំលែកនូវទស្សនាទាន និងអនុសាសន៍សំខាន់ៗ ពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយជំរុញសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ត្រូវបន្តបេសកកម្មរបស់ខ្លួនក្នុង ការជំរុញលើកកម្ពស់ និងផ្សព្វផ្សាយសក្តានុពល ក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ និងវេទិកាធុរកិច្ច, ការរៀបចំកម្មវិធីតាំងពិព័រណ៍, ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិនិយោគិនជាតិ និងអន្តរជាតិ ការចូលរួមក្នុងការងារសង្គម និងសកម្មភាព សប្បុរសធម៌ និងជាពិសេស ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម និងការដ្ឋានកំណែទម្រង់នានា។

ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត ថែមទាំងបានស្នើសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា សហការជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទាញយកឱកាសនិងផលប្រយោជន៍ឱ្យបានជាអតិបរមាពីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុ (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីរវាងកម្ពុជា-សាធារណរដ្ឋកូរ៉ (CKFTA) និងជាពិសេសការធ្វើពិពិធកម្មទីផ្សារផលិតផលកាត់ដេរមកទីផ្សារអាស៊ាន, អាស៊ី បូព៌ា, និងតំបន់ផ្សេងទៀត។

នាឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានឲ្យដឹងថា ការរៀបចំវេទិកានេះ សម្រាប់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសភ្ញៀវអន្តរជាតិ មានឱកាសសិក្សាឈ្វេងយល់ពីកម្ពុជា និងអាចចាប់យកឱកាសយ៉ាងទូលំទូលាយនៅក្នុងទីផ្សារកម្ពុជា។ អ្នកឧកញ៉ា បានបន្តថា វិនិយោគិនទាំងអស់ អាចពង្រីកការកសាងបណ្ដាញទំនាក់ទំនង ដែលនឹងនាំទៅរកការបង្កើនកិច្ចសហការថ្មីៗ ព្រមទាំងការ ផ្តល់ផលប្រយោជន៍សម្រាប់គ្នាទៅវិញទៅមក។

នាឱកាសនោះ​ដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាសាក្ស៊ី ក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការររួមគ្នាផងដែរ៕