(ភ្នំពេញ)៖ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថាទិវាយោគៈអន្តរជាតិលើកទី១១ ដែលមានរយៈពេល៧៥ថ្ងៃ នៅទីតាំងចំនួន ១២ទីតាំង ក្នុងខេត្តក្រុងចំនួន៣នៃប្រទេសកម្ពុជា។

ពិធីនេះ សហការរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជាមួយស្ថាប័នជាច្រើនរួមមាន ក្រសួងទេសចរណ៍, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងកិច្ចការនារី, សាលារាជធានីភ្នំពេញ, សហភាពសហព័ន្ធយុវជនកម្ពុជា, ការិយាល័យអង្គការសហប្រជាជាតិកម្ពុជា, សមាគមឥណ្ឌានៃកម្ពុជា, សមាគមអតីតនិស្សិតកម្ពុជា-ឥណ្ឌា, ពុទ្ធិកសាកលវិទ្យាល័យសីហនុរាជា, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា, សាលាមិត្តភាពកម្ពុជា-ឥណ្ឌា, សាកលវិទ្យាល័យពុទ្ធិសាស្ត្រ, AZAHARA Yoga Studio ជាដើម ដើម្បីធ្វើឲ្យយោគៈកាន់តែមានអត្ថប្រយោជន៍ ឈានដល់កម្រិតថ្មីមួយទៀតនៅក្នុងប្រទេសកម្ពុជា។ ទិវានេះ នឹងរៀបចំនៅថ្ងៃទិ២១ ខែមិថុនា ឆ្នាំ២០២៥ តទៅ។

យោគៈ មានប្រភពពីទស្សនវិជ្ជាបុរាណឥណ្ឌាឮអស់ជាច្រើនសតវត្សមកហើយ ដោយបានឆ្លងកាត់សង្គម និងភូមិសាស្រ្តជាច្រើន ហើយត្រូវបានទទួលស្គាល់ជាសកល ថាជាមធ្យោបាយមួយដើម្បីសម្រេចបាននូវការរស់នៅប្រកប ដោយតុល្យភាព និងមានសុខភាពល្អ ខណៈដែលការហាត់យោគៈគឺមានលក្ខណៈពិសេសលើសពីការធ្វើចលនារាងកាយ។ សព្វថ្ងៃនេះ យោគៈ ត្រូវបានអនុវត្តន៍ស្ទើរតែគ្រប់ផ្នែកនៃពិភពលោក ហើយយោគៈកាន់តែទទួលបានប្រជាប្រិយភាពជារៀងរាល់ថ្ងៃ។

ដោយទទួលស្គាល់ពីគុណតម្លៃជាសាកល និងតួនាទីដ៏សំខាន់របស់យោគៈសម្រាប់ជីវិតប្រចាំថ្ងៃ នៃសហគមន៍ផ្សេងៗគ្នានៅទូទាំងពិភពលោក, អង្គការសហប្រជាជាតិ បានអនុម័តសំណើរបស់ប្រទេសឥណ្ឌា ក្នុងការកំណត់ថ្ងៃទី២១ ខែមិថុនា ជាទិវាយោគៈអន្តរជាតិដោយមានការគាំទ្រដ៏លើសលប់។ ជាលទ្ធផលនៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ទិវាយោគៈអន្តរជាតិ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៥ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។

មូលបទសម្រាប់ការប្រារព្ធទិវាយោគៈអន្តរជាតិឆ្នាំនេះ គឺ«យោគៈដើម្បីផែនដីតែមួយ សុខភាពតែមួយ»។ នេះគូសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំរវាងសុខភាពនៃបរិស្ថានរបស់យើង និងសុខភាពមនុស្សសត្វ និងសមត្ថភាពនៃយោគៈ ក្នុងការផ្តល់នូវសុខុមាលភាពរួមសម្រាប់អ្នកដែលហាត់យោគៈ។ យោគៈ ផ្តល់នូវដំណោះស្រាយសាកល្បងពេលវេលា ដើម្បីផ្តល់តុល្យភាពផ្លូវចិត្តខាងក្នុង និងធ្វើឲ្យមានភាពស្ងប់ស្ងាត់ដល់ផ្លូវចិត្ត ហើយធ្វើឱ្យបុគ្គលម្នាក់ៗមានសន្តិភាពជាមួយខ្លួនឯង និងអ្នកដទៃដែលនៅជុំវិញខ្លួនយើង។ ជាច្រើនឆ្នាំមកនេះ យោគៈកាន់តែទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា ហើយមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះយោគៈក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។

ការធ្វើឱ្យយោគៈក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងម្នាក់ៗ តាមរយៈការអនុវត្តជាប្រចាំ គឺជាគន្លឹះក្នុងការធានាបាននូវភាពស្ងប់ស្ងាត់ដល់ផ្លូវចិត្ត។ ទម្លាប់បែបនេះ ក៏អាចធានាថាមនុស្សយើងម្នាក់ៗមានកាយសម្បទាមាំមួន និងមានសុខភាពល្អផងដែរ។ យោគៈ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយក្នុងការធ្វើឱ្យរាងកាយ និងចិត្តមានភាពចុះសម្រុងគ្នា គឺជាចំណុចស្នូលនៃភាពជោគជ័យរបស់យោគៈ ក្នុងការផ្តល់នូវដំណោះស្រាយសម្រាប់បញ្ហាប្រឈមប្រចាំថ្ងៃជាច្រើនរបស់យើងម្នាក់ៗ។

ក្បាច់ពិសេសៗ និងលំហាត់ប្រាណលាតសន្ធឹងនៃយោគៈ ដែលមានមូលដ្ឋានវិទ្យាសាស្ត្រយ៉ាងស៊ីជម្រៅ អាចជួយកាត់បន្ថយភាពតានតឹងក្នុងសាច់ដុំ និងសន្លាក់។ ការអនុវត្តជាប្រព័ន្ធនៃយោគៈជួយបន្ធូរសាច់ដុំ ហើយដូច្នេះជួយក្នុងការកាត់បន្ថយភាពតានតឹង នូវប្រព័ន្ធខាងក្នុងរបស់យើងម្នាក់ៗ។ បច្ចេកទេសដកដង្ហើមនៃយោគៈ អាចជួយបុគ្គលម្នាក់ៗឱ្យរកឃើញខ្លឹមសារពិត និងធ្វើឱ្យមានតុល្យភាពនៅក្នុងរាងកាយ។ វាក៏អាចជួយបុគ្គលម្នាក់ៗឱ្យទទួលបាននូវសុខុមាលភាពល្អ និងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងពង្រឹងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។

ការអនុវត្តជាប្រព័ន្ធនៃយោគៈ និងអនុវត្តតាមពិធីការយោគៈទូទៅ https://www.youtube.com/watch?v=Av5ib_XRKT4&t=8s ដែលត្រូវបានបង្ហាញជាផ្នែកមួយនៃទិវាយោគៈអន្តរជាតិប្រចាំឆ្នាំ គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយដើម្បីសម្រេចបាននូវតុល្យភាពរាងកាយ និងផ្លូវចិត្ត។

លោកអ្នកអាចមើល និងអនុវត្តវីដេអូ 3D របស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ដែលជានាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា ហើយគាត់ក៏ជាអ្នកហាត់យោគៈយ៉ាងខ្ចាប់ខ្ចួនផងដែរ។ តំណ https://www.youtube.com/playlist?list=PLKrFtLRqyz6MWIswWKBazJOux333ZMyvX ដើម្បីណែនាំអ្នកបន្ថែមទៀត៕