(ភ្នំពេញ)៖ លោក ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ថា កម្ពុជា និងវៀតណាម មានកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ថែមទាំងមានចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍដៃគូសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ាន វៀតណាមក៏នៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់បំផុតមួយរបស់កម្ពុជា ហើយទំហំពាណិជ្ជកម្មទ្វេភាគីបាន បន្តកើនឡើងឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោក ទិត រិទ្ធីពល បានបន្ថែមថា នៅក្នុងឆ្នាំ២០២៤កន្លងមក ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានទំហំទឹកប្រាក់សរុប ១០.៩ប៊ីលានដុល្លារ កើនឡើង ៥៣.៣៤% បើធៀបទៅនឹងឆ្នាំមុន។ ការនាំចេញពីកម្ពុជា ទៅវៀតណាមមានទឹកប្រាក់ចំនួន ៤.៧៨ប៊ីលានដុល្លារ កើនឡើង ៦០.៩៤% ខណៈពេលដែលការនាំចូលមានទឹកប្រាក់ចំនួន ៥.៣១ប៊ីលានដុល្លារ កើនឡើង ៤៧.០៩%។ គោលដៅសម្រាប់ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីររំពឹងថានឹងឈានទៅដល់ ២០ប៊ីលានដុល្លារ។
លោក ទិត រិទ្ធីពល បានថ្លែងដូចនេះនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី កិច្ចសហប្រតិបត្តិការដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករកម្ពុជា និងវៀតណាម នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីលោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម លោក Do Viet Phuong ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា ឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា (VCBA) រួមទាំងមាន លោក លោកស្រី ពាណិជ្ជករកម្ពុជា និងមានសមាជិកាអង្គសិក្ខាសាលាជាច្រើនទៀត។
លោក ទិត រិទ្ធីពល បានបន្ថែមថា នៅក្នុងបរិយាកាសពិភពលោកនាពេលបច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការក្នុងតំបន់មានសារៈសំខាន់ជាងពេលណាទាំងអស់ យើងត្រូវធ្វើការរួមគ្នា ដើម្បីកសាងបណ្តាញពាណិជ្ជកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព កែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបង្កើនតម្លៃបន្ថែមនៃផលិតកម្មកសិកម្មរបស់យើង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានសារៈសំខាន់មិនត្រឹមតែសម្រាប់សេដ្ឋកិច្ចរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ សុខុមាលភាពរបស់ប្រជាជនយើងផងដែរ ជាពិសេសសហគមន៍ជនបទ។
កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាអាទិភាពទី៣ ស្តីពីការបន្តពង្រឹង និងការពង្រីកទីផ្សារក្នុងស្រុក និងសកល សម្រាប់សហគ្រាសធុនតូច មធ្យម និងធុរកិច្ចថ្មី តាមរយៈការដាក់ឱ្យអនុវត្តយន្តការគាំទ្ររបស់រដ្ឋនានា និងលទ្ធកម្មសាធារណៈ ព្រមទាំងការផ្តល់ ការគាំទ្រ និងលើកទឹកចិត្ត ដល់ការបង្កើតបណ្តាញធុរៈកិច្ច។ ការលើកស្ទួយ សហគ្រាស សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការបង្កើតឱកាសធុរកិច្ចថ្មី ធន់នឹងវិបត្តិ និងមាននវានុវត្តន៍ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។
លោក ទិត រិទ្ធីពល បានបញ្ជាក់ដែរថា ក្រសួងពាណិជ្ជកម្ម ក៏ដូចជាអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម មានតួនាទី និងភារកិច្ច ស្វែងរកទីផ្សារលើកកម្ពស់ផលិតផលជាតិ ជំរុញការនាំចេញផលិតផល និងសេវាកម្ម។ ជាក់ស្តែងកាលពីពេលកន្លងទៅ និងពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មជាសេនាធិការ បានធ្វើកិច្ចការនេះជាច្រើនតាមរយៈការធ្វើសិក្ខាសាលាជាច្រើនលើក ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល វគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្ត្រធ្វើធុរកិច្ចក្នុងយុគសម័យឌីជីថល និងកម្មវិធីផ្គូផ្គងអាជីវកម្មដើម្បីជំរុញផលិតផលខ្មែរចូលផ្សារ ទំនើប និងម៉ាត ជាដើម៕