(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ចំនួន១២០៦គ្រួសារ រស់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានន័យ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ថវិកា និងប័ណ្ណមូលនិធិសង្គមសុខាភិបាល (ប.ស.ស) ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីជាការជួយសម្រួលនិងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋ ទាំងជាង១ពាន់គ្រួសារនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា នេះជាលើកទី២ ហើយដែលលោកជំទាវបណ្ឌិតបានមកជួបសួសុខទុក្ខ និងសំណេះសំណាល និងនាំយកនូវអំណោយមកចែកជូនប្រជាពលរដ្ឋនៅទីនេះ។ កន្លងមកនេះលោកយាយ លោកតាដែលមានវត្តមាននៅទីនេះ ធ្លាប់បានដើរលេងកម្សាន្តនៅភ្នំគូលែន ម្ដងរួចមកហើយ។

លោកជំទាវបណ្ឌិត បានថ្លែងថានឹងស្នើសុំទៅនាយករដ្ឋមន្ត្រី ដើម្បីឱ្យលោកតា លោកយាយបានទៅដើរលេងកំសាន្តម្ដងទៀត។ នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋក្រីក្រ ពិសេសគឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច។ ជាក់ស្ដែងនៅពេលនេះ គឺសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត បានផ្ដល់នូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ព្រមទាំងប្រគល់ប័ណ្ណមូលនិធិសង្គមសុខាភិបាល (ប.ស.ស) ជូនដល់ប្រជាពលរដ្ឋក្រីក្រជាង១ពាន់គ្រួសារ ដើម្បីបានព្យាបាលជម្ងឺដោយមិនអស់ប្រាក់។

លោកជំទាវបណ្ឌិតបានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាយើងមិនធ្លាប់មានសន្តិភាព ៥០០ឆ្នាំមកហើយ តែក្នុងសម័យកាលនេះ ពោលគឺក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេច បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ យើងមានទំនាស់ព្រំដែនជាមួយនឹងប្រទេសថៃ។ ពាក់ព័ន្ធនឹងទំនាស់នេះ កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ២ថ្ងៃមកនេះ គឺឃើញប្រជាពលរដ្ឋខ្មែរយើង បានចូលរួមក្នុងក្បួនថ្មើរជើងនៃព្រឹត្តិការណ៍ «Solidarity March» ដែលមានអ្នកចូលរួមជាង១៥ម៉ឺននាក់។ ព្រឹត្តិការណ៍នេះបានបង្ហាញឱ្យឃើញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា។ ពិតជាកោតសរសើរជាខ្លាំងចំពោះទឹកចិត្ដរបស់ប្រជាពលរដ្ឋយើងណាស់ ដែលបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌ ខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ។

លោកជំទាវបណ្ឌិតក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋកម្ពុជាយើង មានចំនួន១៧លាននាក់ បើយើងរួមគ្នាជាធ្លុងមួយ យើងនឹងមានភាពរឹងមាំ ឈ្នះអ្វីគ្រប់យ៉ាង។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលរបស់យើងក្នុងការដោះស្រាយបញ្ហាព្រំដែន។ យើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរក្សាជាតិមាតុភូមិរបស់យើងទុកឱ្យកូនចៅជំនាន់ក្រោយ។

ក្នុងពិធីនោះដែរលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ផងដែរថា ប្រជាពលរដ្ឋដែលមកទទួលអំណោយនាពេលនេះ គឺមានចំនួន ១,២០៦គ្រួសារ ជាមួយនឹងការផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលជាង១ពាន់នាក់។

លោក ឃួង ស្រេង បានថ្លែងទៀតថា នេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើង ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ដើម្បីកាត់បន្ថយនៅភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ក្នុងចំនួនប័ណ្ណ (បសស) ទាំងជាង១០០០គ្រួសារនេះ, បានប្រគល់ជូនមូលនិធិកុមារកម្ពុជាចំនួន ៩៦០នាក់ និងប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ២ ចំនួន២៨៦នាក់។ បន្ថែមពីលើនេះប្រជាពលរដ្ឋទាំង ១,២០៦គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគបរិភោគមួយចំនួនរួមជាមួយនឹងថវិកាចំនួន១០ម៉ឺនរៀលថែមទៀត៕