(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនរវាង កម្ពុជា-ថៃ ដរាបណាភាគីទាំង២ នៅតែប្រើផែនទីខុសគ្នា គឺមិនអាចរកចំណុចកណ្តាលក្នុងការដោះស្រាយបាននោះទេ ហើយបើទោះជាចង់ដោះស្រាយជម្លោះតាមយន្តការទ្វេភាគី ដោយប្រើពេល ១០ឆ្នាំទៀត ១០០ឆ្នាំទៀត ឫ ១០០០ឆ្នាំទៀតក៏ដោយ ក៏មិនអាចដោះស្រាយគ្នាបានដែរ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅខេត្តត្បូងឃ្មុំ។
នាឱកាសនោះនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា បើថៃមានបំណងចង់ដោះស្រាយបញ្ហាព្រំដែននេះ គឺប្រហែលជាដោះស្រាយបញ្ហាតាមរយៈយន្តការ JBC កន្លងមកហើយ ប៉ុន្តែថៃបានអាក់ខានជាមួយនឹងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១២, ២០១៣មកម្លេះ ទើបតែចាប់ដៃគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនក្រោមយន្តការ JBC នៅឆ្នាំ២០២៥ នេះទេ រយៈពេល ១២ឆ្នាំហើយដែលថៃ និងកម្ពុជា អាក់ខានក្នុងការដោះស្រាយបញ្ហាព្រំដែន។
ពាក់ព័ន្ធរឿងព្រំដែននេះនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងដូចនេះថា «កម្ពុជាចង់បានណាស់នូវព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នាទាំង៣ប្រទេស ជាប់ព្រំដែនជាមួយគ្នា, ដល់ពេលយើងរកដំណោះស្រាយមិនបាន ដូចខ្ញុំលើកឡើង ដរាបណាយើងប្រើផែនទីខុសគ្នា យើងមិនអាចរកចំណុចកណ្តាលក្នុងការដោះស្រាយបាននោះទេ នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការដាក់ចំណុចនេះទៅតុលាការយុត្តិធម៍អន្តរជាតិ ដើម្បីឱ្យមានអ្នកទី៣ មកកាត់ក្តី បើសិនជាយើងនៅប្រើផែនទីខុសគ្នា ចង់ ១០ឆ្នាំទៀត ចង់ ១០០ឆ្នាំទៀត ចង់១០០០ឆ្នាំទៀត ក៏យើងមិនអាចដោះស្រាយគ្នាបានដែរ»។
ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា យន្តការដែលល្អបំផុតគឺជូនដល់តុលាការអន្តរជាតិទីក្រុងឡាអេ ដើម្បីជួយកាត់ក្តី, ការកាត់ក្តីនេះក៏មិនប្រាកដថា កម្ពុជាចំនេញទឹកដី ហើយក៏មិនប្រាកដថា ភាគីថៃចំនេញនោះទេ គឺអាចមានចំនេញ មានខាតដូចគ្នា ដោយយកចំណុចកណ្តាលជាគោល តែយើងបានមកវិញនូវសន្តិភាព និងបានការឯកភាពគ្នា ដែលនេះហើយគឺបានពីការកាត់ក្តីរបស់តុលាការយុត្តិធម៍អន្តរជាតិ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចហើយ ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ គាប់ជួនផងដែរកាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារផងដែរ៕