(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមិថុនា កាលពី៤៨ឆ្នាំមុន ជាថ្ងៃកំណត់ត្រាប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់កម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តយក​ជីវិតធ្វើជាដើមទុនចេញ​តស៊ូរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលជារបបដ៏ឃោរឃៅបំផុតនៅកម្ពុជា។

ក្នុងថ្ងៃនេះដែរសម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បានបង្ហោះសាររៀបរាប់ពីក្តីឈឺចាប់ខ្លោចផ្សា ឱ្យតែនឹកឃើញដល់រឿងរ៉ាវ ដែលសម្តេចបានជួបប្រទះ កាលពីថ្ងៃ២០ មិថុនា ១៩៧៧ ទឹកភ្នែករបស់សម្តេចតែងស្រក់ចុះមកជាប់មិនដាច់។

បន្ថែមលើសពីនេះ សម្តេចបានចោទជាសំណួរថា ប្រសិនខ្ញុំស្លាប់នាពេលនោះ តើនឹងមានអ្វីកើតឡើងនាពេល៤៨ឆ្នាំកន្លងមកនេះ?

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាមួយខ្លឹមសារទាំងស្រុងដូច្នេះថា «ទោះពេលវេលាបានកន្លងហួសរយៈពេល ៤៨ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវ ដែលបានជួបប្រទះកាលពីថ្ងៃ២០មិថុនា១៩៧៧ ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សានិងឈឺ ចាប់រកពាក្យនិយាយមិនបាន។

យើងមានតែជីវិតប៉ុណ្ណោះ ធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ប្រសិនខ្ញុំស្លាប់នាពេលនោះតើ
នឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?។ យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាព ជូនប្រជាជនតាមរយៈនយោបាយឈ្នះ ឈ្នះ។

យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង តាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។ ចូលចងចាំថាគ្មានជោគជ័យ ឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ»