(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ ដែលតែងគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដល់ការកសាង បណ្ដុះបណ្ដាលធនធានមនុស្ស និងអភិវឌ្ឍប្រទេសកម្ពុជា។

ការថ្លែងអំណរគុណ បានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសបានអនុញ្ញាតឱ្យ លោកបណ្ឌិត វីល ផាក (Will Parks) នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម លោកអភិសន្តិបណ្ឌិត បានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកបណ្ឌិត វីល ផាក (Will Parks) និងសហការី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

នៅក្នុងជំនួបពិភាក្សា លោកអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ ដែលតែងគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដល់ការកសាង បណ្ដុះបណ្ដាលធនធានមនុស្ស និងអភិវឌ្ឍប្រទេសកម្ពុជា និងបានកោតសរសើរនូវលទ្ធផលផ្លែផ្កានៃការអនុវត្តកម្មវិធីសហប្រតិបត្តិការរបស់អង្គការយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមកនេះ ដែលបាននាំយកមកនូវសមិទ្ធផលសំខាន់ៗជាច្រើនរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា។

ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា លោកអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណដល់យូនីសេហ្វផងដែរ ដែលបានសហការជាមួយក្រសួងមហាផ្ទៃ ក្នុងការអនុវត្តគម្រោងធំៗចំនួន ០២ កន្លងមក គឺគម្រោងលើកកម្ពស់សេវាសង្គម និងគម្រោងកិច្ចការពារកុមារ ដែលជាគម្រោងដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេសជនងាយរងគ្រោះ ដែលមានទាំងស្ត្រីក្រីក្រ កុមារកំព្រា ចាស់ជរា ជនមានពិការភាពជាដើម។

ជាការឆ្លើយតប លោកបណ្ឌិត វីល ផាក (Will Parks) បានថ្លែងអំណរគុណចំពោះ លោកអភិសន្តិបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបលោកបណ្ឌិត និងសហការី។

នៅក្នុងជំនួបនេះ អង្គការយូនីសេហ្វ បានរាយការណ៍អំពីវឌ្ឍនភាព និងផែនការការងារនៃការអនុវត្តឆ្នាំ២០២៤ ព្រមទាំងសកម្មភាពសំខាន់ៗទាំងឡាយរបស់អង្គការ ដូចជាកម្មវិធីគោលនយោបាយសង្គម កម្មវិធីអប់រំ កម្មវិធីសុខភាព និងអាហារូបត្ថម្ភ និងកម្មវិធីកិច្ចការពារកុមារ។

ក្នុងជំនួបនេះផងដែរ លោកអភិសន្តិបណ្ឌិត និងលោកបណ្ឌិត វីល ផាក (Will Parks) បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងអង្គការយូនីសេហ្វ និងក្រសួងមហាផ្ទៃ ក្នុងការបន្តពង្រឹង លើកកម្ពស់ និងអភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ៕